ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តក្រចេះ៖ ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍បរិក្ខារ សម្រាប់ដំណើរការផ្នែកព្យាបាលដោយចលនា នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អង្គការ ICRC និងអង្គការដៃគូទាំងអស់ក្នុងកម្មវិធី ACCESS 2
ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ទៅលើការផ្ដល់សេវាព្យាបាលដោយចលនានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាពេលកន្លងមក និងបច្ចុប្បន្នបានធ្វើទំនើបកម្មបន្ថែមទៀត ដោយបានផ្ដល់ជាឧបករណ៍បរិក្ខារដើម្បីប្រើប្រាស់នៅផ្នែកព្យាបាលដោយចលនា ហើយឧបករណ៍បរិក្ខារ ដែលប្រគល់នាថ្ងៃនេះ នឹងជួយពង្រឹងសមត្ថភាពរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ក្នុងការផ្ដល់សេវាព្យាបាលដោយចលនាប្រកបដោយគុណភាព និងលើកកម្ពស់លទ្ធផលនៃការព្យាបាលសម្រាប់អ្នកជំងឺ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំដល់ថ្នាក់នាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំផ្ដល់សេវាព្យាបាលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងមានគុណភាព សមធម៌ ជាពិសេសនៅក្នុងសេវាព្យាបាលដោយចលនាទៅលើជនមានពិការភាព កាន់តែត្រូវបានយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ ឱ្យធ្វើការយកចិត្តទុកដាក់ក្នុងការពិនិត្យស្រាវជ្រាវព្យាបាលជំងឺគ្រុនឈាម ដែលបច្ចុប្បន្ននេះ ក្នុងរដូវវស្សាសង្កេតឃើញមានជំងឺគ្រុនឈាមមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្រៅពីការខិតខំថែទាំព្យាបាលឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ក៏ត្រូវមានសកម្មភាពអប់រំសុខភាពតាមសហគមន៍ និងផ្ដល់ជាសារអប់រំខ្លីៗ ជូនទៅដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ក៏ដូចជាសាច់ញាតិអ្នកជំងឺអំពីរបៀបចម្លងរបស់ជំងឺគ្រុនឈាម និងរោគសញ្ញាសំខាន់ៗមួយចំនួន ដើម្បីបងប្អូនប្រជាពលរដ្ឋយល់ដឹងលើជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺដែលមានរោគសញ្ញាសង្ស័យមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។