ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តកំពង់ធំ៖ ពីថ្ងៃទី៩ ដល់ ១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម ឆ្លៀតក្នុងឱកាសសំណេះសំណាល សួរសុខទុក្ខបុគ្គលិកសុខាភិបាល អជ្ញាធរមូលដ្ឋានភូមិឃុំ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈទន្តសាស្ត្រ និងឧបករណ៍ព្យាបាលមាត់ធ្មេញ ដែលជាអំណោយសប្បុរសធម៌ពី សាស្រ្តាចារ្យជំនួយ ផាន់ សាន់ដេត ជូនដល់ មន្ទីរពេទ្យបង្អែកស្ទោង និង មណ្ឌលសុខភាពតាំងក្រសាំង។
ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត បានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណ ព្រមទាំងការកោតសរសើរលើកទឹកចិត្តពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះការបរិច្ចាគសម្ភារៈទន្តសាស្ត្រ ដែលមានអត្ថន័យជ្រាលជ្រៅ ផ្តល់ជាប្រយោជន៏ និងគុណតម្លៃ ចូលរួមជាមួយសុខាភិបាល បម្រើប្រជាពលរដ្ឋក្នុងសហគមន៍។
ឯកឧត្តមរដ្ឋលេខាធិការ និង ក្រុមការងារសុខាភិបាល រួមជាមួយអជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពមណ្ឌលសុខភាពចំនួន ១០ ក្នុងស្រុកប្រតិបត្តិ កំពង់ធំ បារាយសន្ទុក និងស្ទោង រួមមាន៖១-មណ្ឌលសុខភាពតាំងក្រសាំង ២-មណ្ឌលសុខភាពត្បូងក្រពើ ៣-មណ្ឌលសុខភាពសាន់គ ៤-មណ្ឌលសុខភាពសព្រោច ៥-មណ្ឌលសុខភាពចំណារក្រោម ៦-មណ្ឌលសុខភាពចំណារលើ ៧-មណ្ឌលសុខភាព ទ្រៀល ៨-មណ្ឌលសុខភាពស្រឡៅ ៩-មណ្ឌលសុខភាពគ្រើល ១០-មណ្ឌលសុខភាពពង្រ។
ខណៈសួរសុខទុក្ខ និងសំណេះសំណាលជាមួយអ្នកជំងឺ និងប្រជាពលរដ្ឋ ឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត និងក្រុមការងារសុខាភិបាល បានជំរុញលើកទឹកចិត្ត និងអំពាវនាវឱ្យប្រជាពលរដ្ឋ លោកស្វែងរកការពិនិត្យ និងព្យាបាលជំងឺ ថែទាំសុខភាពអោយបានកាន់តែច្រើនកុះការ តាមមូលដ្ឋានសុខាភិបាលសាធារណៈ មន្ទីរពេទ្យបង្អែក ពិសេសមណ្ឌលសុខភាពសហគមន៍ដែលនៅជិតផ្ទះបំផុត តាមរយៈស្នាមញញឹម និងសមត្ថភាពវេជ្ជសាស្ត្រ ច្បាស់លាស់របស់បុគ្គលិកសុខាភិបាល ជាវេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិការ ឆ្មប ដែលសុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្តាលតាមជំនាញនិមួយៗ និងបណ្តុះបណ្តាលបន្តទៀងទាត់ជាប់ជាប្រចាំ សំដៅធានាអោយបានកម្រឹតអតិបរមា មិនប្រថុយប្រថាន លើសុវត្ថិភាពអាយុជីវិតប្រជាជនយើង។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា «រាល់ការពន្យារពេលក្នុងការស្វែងរកសេវាព្យាបាលតាមមណ្ឌលសុខភាព ឫមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត គឺជាការប្រថុយប្រថានលើសុខ សុវត្ថិភាពអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ។ មានតែការពឹងផ្អែកលើវិធីព្យាបាលដែលឈរមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រពិតប្រកដ ទើបអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺនិងបង្ការបានច្រើនលើសលុបពិការភាព និងការបាត់បង់អាយុជីវិត។»។
«ភាពល្អប្រសើរជាប់ជាប្រចាំនៃការរៀបចំមណ្ឌលសុខភាព មន្ទីរពេទ្យ ពិសេសបរិស្ថាន និងបរិយាកាសការងាររីករាយ-រាក់ទាក់ កំណើនសមត្ថភាពបុគ្គលិកពេទ្យ ការលើកទឹកចិត្តនិងចូលរួមដោយផ្ទាល់ពីបងប្អូនភូមិ-ឃុំ អជ្ញាធរគ្រប់កម្រឹត និងបងប្អូនសប្បុរសធម៌ ពិតជាបាន និងកំពុងពាំនាំនូវទំនុកចិត្តដ៏ធំ សម្រាប់ទាំងគ្រូពេទ្យ ទាំងបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង» ដែលនេះជាទំនុកចិត្ត និងជាប្រសាន៍ថ្លែងជាបន្តបន្ទាប់ដោយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល ក៏ដូចដែលបានសង្កេតឃើញក្រុមការងារ លើមណ្ឌលសុខភាពទាំង១០ ក្នុងខេត្តកំពុងធំ។
ក្នុងដំណើចុះសំណេះសំណាល ពិនិត្យវឌ្ឍនភាពមូលដ្ឋានសុខាភិបាលក្នុងខេត្តកំពុងធំ មានការចូលរួមអមដំណើរដោយឯកឧត្តមជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អភិបាលរងខេត្ត ទទួលបន្ទុកសុខាភិបាល ប្រធាន អនុប្រធាន ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ អាជ្ញាធរមូលដ្ឋាន មេឃុំក្រុមប្រឹក្សាឃុំ។