Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្ដីពី លទ្ធផលការងារកែលម្អសេវាមណ្ឌលសុខភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៦ សម្រាប់ខេត្តចំនួន ១៣ តាមប្រព័ន្ធនិមិត្ត (Zoom)។

ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦

ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានភាពចាំបាច់ក្នុងការពិនិត្យ តាមដាន និងពិភាក្សាលើវឌ្ឍនភាពការងារ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋម នៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព ក្នុងខេត្តចំនួន ១៣ បានដឹកនាំកិច្ចប្រជុំស្ដីពី លទ្ធផលការងារកែលម្អសេវាមណ្ឌលសុខភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ សម្រាប់ខេត្តទាំង១៣ តាមប្រព័ន្ធនិមិត្ត (Zoom)។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១.បទបង្ហាញស្ដីពីបទពិសោធន៍លើភាពជាអ្នកដឹកនាំដែលធ្វើឱ្យមណ្ឌលសុខភាពបានជាប់ជ័យលាភីជាគំរូទូទាំងប្រទេស ចំនួន២ មណ្ឌលសុខភាព របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប និង ២ មណ្ឌលសុខភាព នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។
២.បទបង្ហាញស្ដីអំពីលទ្ធផលសរុបនៃការកែលម្អគុណភាពសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្នុងឆមាសទី១ ឆ្នាំ២០២៦
៣.ការពិភាក្សា និងការចូលរួមមតិយោបល់។

កិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ មានសារៈសំខាន់ក្នុងការស្វែងយល់ពីវឌ្ឍនភាពការងារជាក់ស្តែងនៅតាមមូលដ្ឋាន បញ្ហាប្រឈមនានា ជាមួយនឹងការណែនាំកែលម្អសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង និងជាការជំរុញឱ្យកាន់តែសកម្មចំពោះការងារអប់រំ និងលើកកម្ពស់សុខភាព នៅតាមសហគមន៍ ដើម្បីបន្តការកែលម្អគុណភាពសេវា នៅតាមមណ្ឌលសុខភាព និងបង្កើនកិច្ចការពារជំងឺដូចជាជំងឺគ្រុនឈាមនាពេលនេះ ឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្នុងក្រុមការងារ ១៣ខេត្ត នៃក្រសួងសុខាភិបាល អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលបន្ទុកវិស័យសុខាភិបាល ប្រធាន និងអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានការិយាល័យស្រុកប្រតិបត្តិនៃខេត្តទាំង ១៣ រួមមាន៖ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងឧត្តរមានជ័យ សរុបចំនួន ៦០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image