ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម វេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិក គ.ប.ផ.ក. បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីមាត្រា ៥.៣ នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ រៀបចំដោយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយ អង្គការសុខភាពពិភពលោក ក្រោមអធិបតីភាពភាពឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក.។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីមាត្រា ៥.៣ នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ ដល់សមាជិក សមាជិកា នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីការពារការរៀបចំ និងអនុវត្តគោលនយោបាយសុខភាពសាធារណៈពីការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់។
សមាសភាពអ្នកចូលរួមក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ប.ផ.ក. ដែលអញ្ជើញមកពី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា និងលេខាធិការដ្ឋាននៃ គ.ប.ផ.ក. ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការដៃគូមួយចំនួន រួមមាន អង្គការសុខភាពពិភពលោក (WHO) អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) និងអង្គការ Southeast Asia Tobacco Control Alliance (SEATCA) ដែលមានអ្នកចូលរួមសរុបចំនួន ៤៨ រូប។