ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ បានដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យសេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌ ការអនុញ្ញាត និងការប្រតិបត្តិសេវាព្យាបាល ភាពគ្មានកូននៅមន្ទីរពេទ្យ ព្រមទាំងពិនិត្យវឌ្ឍនភាព នៃការត្រៀមអនុវត្តការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្សនៅមន្ទីរពេទ្យជាតិ។
ក្នុងកិច្ចប្រជុំ បានស្តាប់របាយការណ៍វឌ្ឍនភាពពីមន្ទីរពេទ្យជាតិទាំង៣ រួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្តីពីការត្រៀមចាប់ផ្តើមការវះកាត់ប្តូរតម្រងនោម (Renal Transplantation) នៅកម្ពុជា និងបានពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា។
អង្គប្រជុំបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការអនុវត្តការងារនេះឱ្យទទួលបានជោគជ័យ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព។ ជាមួយគ្នានេះ អង្គប្រជុំបានសម្តែងក្តីសង្ឃឹម ការវះកាត់ប្តូរតម្រងនោមលើកដំបូងនៅកម្ពុជា នឹងអាចចាប់ផ្តើមនាពេលខាងមុខ ដែលជាជំហានដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសេវាសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយគ្របដណ្តប់សុខភាពជាសកល។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយក នាយករងមន្ទីរពេទ្យជាតិ និងសមាជិកគណៈកម្មាធិការសរុបចំនួន ២២ រូប។