ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គជកប) បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំ២០២៦ របស់ គជកប ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គជកប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ និងសមាជិកគណៈកម្មាធិការ គជកប ព្រមទាំងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖
-ពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តការងាររបស់ គជកប ដោយផ្តោតលើលទ្ធផលសម្រេចបាន កត្តាប្រឈម និងដំណោះស្រាយ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ។
-ពិនិត្យសេចក្តីព្រាងប្រកាសស្តីពីការបង្កើតអនុគណៈកម្មការតាមវិស័យ ដើម្បីគាំទ្រការអនុវត្តភារកិច្ចរបស់ គជកប ឱ្យកាន់តែមានប្រសិទ្ធភាព សម្របសម្រួលកិច្ចសហការអន្តរស្ថាប័ន និងឆ្លើយតបទៅនឹងបញ្ហាពាក់ព័ន្ធ និងការការពារអ្នកប្រើប្រាស់បានកាន់តែល្អប្រសើរ។
កិច្ចប្រជុំនេះបានបង្ហាញពីការបន្តពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិកគណៈកម្មាធិការ គជកប ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយន្តការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់អ្នកប្រើប្រាស់ សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាព សុវត្ថិភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។