ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦
ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមជំនួប និងគំនិតផ្តួចផ្តើមរួមគ្នាពីឯកឧត្តម Mitsuhide Iwaki អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន ដែលបច្ចុប្បន្នជាប្រធានសមាគមជប៉ុន-កម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលកម្ពុជា លោកសាស្ត្រាចារ្យ Yasuhiru Kigawa ប្រធាន (Chairman) Medical Group Taiichicai ជប៉ុន បានអញ្ជើញ និងទទួលស្វាគមន៍វត្តមានគណៈប្រតិភូសុខាភិបាលកម្ពុជា ក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ផ្នែកវេជ្ជសាស្ត្រ ជំនាញវះកាត់បែកបាក់ឆ្អឹង (Orthopedics) ជំងឺវះកាត់សន្លាក់ សង្គ្រោះបន្ទាន់ ការថែទាំមនុស្សចាស់រយៈពេលខ្លី មធ្យម និងវែង និងការស្ដារនិតិសម្បទា។
គណៈប្រតិភូសុខាភិបាល បានអញ្ជើញទស្សនកិច្ចនៅតាមទីតាំងមន្ទីរពេទ្យផ្ដល់សេវាវេជ្ជសាស្ត្រ និងសាលាបណ្តុះបណ្តាលគិលានុបដ្ឋាក-យិការ ដែលស្ថិតក្រោម Medical Group Taiichikai រួមមាន៖
១-សាលារៀនគិលានុបដ្ឋាក Tama Plaza
២-មន្ទីរពេទ្យវះកាត់ឆ្អឹងហានណូ (Hanno Orthopedic Hospital)
៣-មណ្ឌលថែទាំមនុស្សចាស់ Hanno
៤-មណ្ឌលថែទាំមនុស្សចាស់ Iruma no Sato
៥-មន្ទីរពេទ្យវះកាត់ឆ្អឹងតាម៉ាគីតា (Tamakita Orthopedic Hospital)
៦-មន្ទីរពេទ្យស្ដារនិតិសម្បទាវ៉ាកូ (Wako Rehabilitation Hospital)។
លោកសាស្ត្រាចារ្យ Chairman Medical Group Taiichicai Prof. Yusahiro Kigawa និងក្រុមការងារបានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការខិតខំប្រែងរកគ្រប់វិធីសាស្ត្រ លទ្ធភាព មធ្យោបាយក្នុងការចូលរួមជាមួយសុខាភិបាលកម្ពុជា ចែករំលែកបទពិសោធន៍បច្ចេកទេស បណ្តុះបណ្តាលធនធានសុខាភិបាលសំដៅកិច្ចសហប្រតិបត្តិការយូរអង្វែង។