ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តកំពត៖ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកអង្គសិក្ខាសាលាលើកទី១ ស្តីពី ការរៀបចំមគ្គុទេសក៍ជីវសន្តិសុខជាតិ សម្រាប់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងសុខភាពសាធារណៈនៅកម្ពុជា (Development of National Biosecurity Guidelines for Medical and Public Health Laboratories in Cambodia) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយ ការិយាល័យសេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៃនាយកដ្ឋានសេវាសុខភាព ក្រោមការឧបត្ថម្ភគាំទ្រដោយ FHI 360 នៃគម្រោង STRIDES ក្នុងគោលបំណងរៀបចំមគ្គុទេសក៍ជីវសន្តិសុខជាតិ សម្រាប់ពង្រឹងការគ្រប់គ្រងហានិភ័យជីវសាស្ត្រ និងលើកកម្ពស់ប្រព័ន្ធជីវសន្តិសុខ របស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងសុខភាពសាធារណៈ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។
ក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ការរៀបចំមគ្គុទេសក៍ជីវសន្តិសុខជាតិនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ និងការគ្រប់គ្រងហានិភ័យជីវសាស្ត្រ ឱ្យកាន់តែមានប្រសិទ្ធភាព។ មគ្គុទេសក៍នេះផ្តោតលើការពង្រឹង ជីវសន្តិសុខ (Biosecurity) និងការគ្រប់គ្រងហានិភ័យជីវសាស្ត្រ (Biorisk Management) និងទិន្នន័យមន្ទីរពិសោធន៍ ការលើកកម្ពស់ Cyberbiosecurity និងការឆ្លើយតបចំពោះឧប្បត្តិហេតុជីវសាស្ត្រ ក្នុងសុខភាពសាធារណៈ។
ទន្ទឹមនឹងនេះ មគ្គុទេសក៍នឹងរួមចំណែកជំរុញការអនុវត្តគោលការណ៍ One Health, Global Health Security, International Health Regulations (IHR 2005) និងISO 35001 Biorisk Management System ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ការរៀបចំមគ្គុទេសក៍នេះ គឺជាការបន្តពង្រឹងវឌ្ឍនភាពរបស់កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធមន្ទីរពិសោធន៍ជាតិ បន្ទាប់ពីក្រសួងសុខាភិបាល បានអនុម័តឯកសារគោលនយោបាយ និងបច្ចេកទេសសំខាន់ៗជាច្រើន រួមមាន National Standard Operating Procedures for Specimen Collection, Packaging and Transport, ប្រកាសស្តីពីភ្នាក់ងារបង្កជំងឺ និងសារធាតុពុលដែលមានគ្រោះថ្នាក់ខ្ពស់ (Highly Pathogens and Toxins - HPT), National List of Pathogens and Toxins Version 2, National Laboratory Strategic Plan 2025–2030 version 3 និង National Biosafety Guideline Version 2។
អង្គសិក្ខាសាលានេះមានរយៈពេល ៤ថ្ងៃ ដោយមានសិក្ខាកាមចូលរួមចំនួន ៤០នាក់ មកពីមន្ទីរពិសោធន៍ថ្នាក់ជាតិ មន្ទីរពិសោធន៍ថ្នាក់ក្រោមជាតិ កម្មវិធីជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមពិភាក្សា ផ្តល់យោបល់ និងបំពេញបន្ថែមលើសេចក្តីព្រាងមគ្គុទេសក៍ ឱ្យមានគុណភាព ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រទេសកម្ពុជា និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព នៅគ្រប់កម្រិតមន្ទីរពិសោធន៍នៅកម្ពុជា។