ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តសៀមរាប៖ ព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។
សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ត្រូវបានបង្កើតឡើងរយៈពេល ២០ឆ្នាំ ដែលសាកលវិទ្យាល័យបានចូលរួមបណ្តុះបណ្តាលនិស្សិតសរុបចំនួន ៨ ៨៨៨នាក់ (នារី ៤ ៥៩៧នាក់)។ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវទទួលសញ្ញាបត្រនាឱកាសនេះ មានចំនួនសរុប ១ ៥០០នាក់ នារី ៩៣២នាក់ ក្នុងនោះរួមមាន កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញដូចជា គណនេយ្យ និងសវនកម្ម គ្រប់គ្រង ម៉ាឃីតធីង ហិរញ្ញវត្ថុ និងធនាគារ គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ព័ត៌មានវិទ្យា ស្ថាបត្យកម្ម គណិតវិទ្យា នីតិសាស្រ្ត រដ្ឋបាលសាធារណៈ ការបង្រៀនភាសាអង់គ្លេស និងអក្សរសាស្រ្តខ្មែរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមនុស្ស គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ដោយខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារឱ្យមានចំណេះដឹងធំទូលាយ ជាមួយជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ សំដៅឆ្លើយតបកាន់តែប្រសើរសមស្របទៅនឹងទីផ្សារការងារ និងកិច្ចការពារជាតិមាតុភូមិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌ តាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ដស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱកាសនូវការអនុវត្តសក្ដានុពលផលលាភវិទ្យាសាស្រ្ដកម្ពុជាកំពុងតែមាន។