ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ទីរពេទ្យជាតិ»។
សិក្ខាសាលានេះមានការចូលរួមពីគណៈគ្រប់គ្រងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិ ប្រធានការិយាល័យ នាយកផ្នែក ក្រុមការងារស្រាវជ្រាវ និងមន្ត្រីជំនាញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយលទ្ធផល និងសំណើស្រាវជ្រាវរបស់ក្រុមការងារនៃមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិ និងជំរុញការប្រើប្រាស់ភស្តុតាងស្រាវជ្រាវ ដើម្បីកែលម្អគុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ។
បទបង្ហាញក្នុងសិក្ខាសាលា រួមមានលទ្ធផលស្រាវជ្រាវចំនួន៦ មកពីមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យហ្លួងម៉ែ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ ព្រមទាំងសំណើស្រាវជ្រាវចំនួន៣ មកពីមន្ទីរពេទ្យជាតិតេជោសន្តិភាព មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមន្ទីរពេទ្យកុមារគន្ធបុប្ផា។
ការសិក្សា និងសំណើស្រាវជ្រាវទាំងនេះ ផ្តោតជាសំខាន់លើការប្រើប្រាស់ និងការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិច ការបង្ការការឆ្លងរោគក្នុងការវះកាត់ ការគ្រប់គ្រងការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ ភាពស៊ាំនឹងឱសថ ការបង្ការ និងត្រួតពិនិត្យការឆ្លងរោគ ព្រមទាំងលទ្ធផលនៃការព្យាបាលអ្នកជំងឺ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារស្រាវជ្រាវនៃមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិ ព្រមទាំងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានចូលរួមអភិវឌ្ឍសមត្ថភាពស្រាវជ្រាវនៅមន្ទីរពេទ្យជាតិ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការបានសង្កត់ធ្ងន់ទៅលើការប្រែក្លាយលទ្ធផលនៃការស្រាវជ្រាវទៅជាសកម្មភាពជាក់ស្តែង ដើម្បីកែលម្អគោលការណ៍ណែនាំ និងនីតិវិធីព្យាបាល ពង្រឹងការគ្រប់គ្រងការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ បង្ការការឆ្លងរោគក្នុងមន្ទីរពេទ្យ និងជំរុញឱ្យមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិបន្តរបង្កើនគុណភាពទិន្នន័យសម្រាប់ប្រើប្រាស់ជាប្រយោជន៍របស់មន្ទីរពេទ្យនិងប្រពន្ធ័សុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ឱ្យមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិ៖
១. បន្តរពង្រឹងក្រុមការងារស្រាវជ្រាវ និងផ្តល់ធនធានចាំបាច់ ដើម្បីធានានិរន្តរភាព។
២. កំណត់ប្រធានបទស្រាវជ្រាវស្របតាមតម្រូវការជាក់ស្តែង និងអាទិភាពរបស់ក្រសួងសុខាភិបាល។
៣. បកប្រែលទ្ធផលស្រាវជ្រាវទៅជាផែនការ និងសកម្មភាពកែលម្អការអនុវត្ត។
៤. ពង្រីកការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៅថ្នាក់ជាតិ និងអន្តរជាតិ។
៥. ពង្រឹងគុណភាពទិន្នន័យ និងប្រើប្រាស់ទិន្នន័យសម្រាប់កែលម្អគុណភាពសេវា។
៦. បន្តកិច្ចសហការ ដើម្បីអភិវឌ្ឍសូចនាករវាស់វែងគុណភាពសេវា លទ្ធផលព្យាបាល និងសុវត្ថិភាពអ្នកជំងឺ។