Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV។

ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៦

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV ជូនដល់មន្ត្រីបង្គោលមកពីមន្ទីរសុខាភិបាល ចំនួនបី (ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង) និងមន្ត្រីបង្គោលមកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលវគ្គនេះមានរយៈពេលបីថ្ងៃ នៅសណ្ឋាគារសុវណ្ណភូមិ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលលោកជំទាវសាស្ត្រាចារ្យ បានមានប្រសាសន៍ថា ការធ្វើតេស្ត HPV មានប្រសិទ្ធិភាពខ្ពស់ បច្ចុប្បន្នក្រសួងសុខាភិបាល កំពុងអនុវត្តតាមនិយាមជាតិស្តីពីនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រងពិនិត្យព្យាបាលជំងឺមហារីកមាត់ស្បូន ដោយការធ្វើតេស្ត HPV តាមរយៈការយកសំណាកដោយខ្លួនឯង (២០២៦-២០២៧) ព្រមទាំងពង្រីកការអនុវត្តតាមរយៈគម្រោងលើកកម្ពស់គុណ H-EQIP 2។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ក្នុងការផ្តល់ចំណេះដឹង និងជំនាញដល់មន្ត្រីបង្គោល ដើម្បីយកជំនាញ និងចំណេះដឹងទៅធ្វើការបណ្តុះបណ្តាលបន្តដល់មន្ត្រីមណ្ឌលសុខភាព អំពីការយកសំណាកដោយខ្លួនឯង ដោយតេស្តHPV ការផ្តល់ការប្រឹក្សា ការគ្រប់គ្រងតេស្តវិជ្ជមាន ការបញ្ជូនបន្ត មានជំនាញក្នុងការរៀបចំមេរៀន និងប្រើប្រាស់វិធីសាស្ត្របង្រៀន ជួយគាំទ្រក្នុងការអនុវត្តការងារដល់មន្ត្រីថ្នាក់ក្រោម និងការកត់ត្រាទិន្នន័យក្នុងប្រព័ន្ធ EMR។

លោកជំទាវសាស្ត្រាចារ្យ ប្រធានគណកម្មាការជាតិ គ្រប់គ្រងជំងឺមហារីកមាត់ស្បូននៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានការពារសុខភាព ក្រុមការងារបច្ចេកទេស គ្រូបង្គោលថ្នាក់ជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំរៀបចំវគ្គបណ្តុះបណ្តាលនេះ។ លោកជំទាវ ក៏បានលើកទឹកចិត្តដល់ សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការទទួលយកនូវចំណេះដឹង និងជំនាញពីគ្រូបណ្តុះបណ្តាលក្នុងរយៈពេល៣ថ្ងៃនេះ។

សូមជម្រាបជូនថា កម្មវិធីនេះមានការចូលរួមពីគ្រូបង្គោល គ្រូពេទ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ខេត្ត និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ធនាគារពិភពលោក សរុបចំនួន ៥២នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image