ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំអង្គប្រជុំដោយមានការចូលរួមពីតំណាងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យជ័យវរ្ម័នទី៧ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ព្រមទាំងប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានមន្ទីរពេទ្យ ប្រធានការិយាល័យបច្ចេកទេស និងប្រធានការិយាល័យរដ្ឋបាល មកពីខេត្តកណ្តាល ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ បាត់ដំបង ព្រះវិហារ និងបន្ទាយមានជ័យ សរុបចំនួន ៧០ នាក់។
លោកជំទាវប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មវិធីជាតិ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានយកចិត្តទុកដាក់ និងស្វាហាប់ក្នុងការរៀបចំកិច្ចប្រជុំនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃជំងឺគ្រុនឈាម ដែលកំពុងអាចមាននិន្នាការកើនឡើងក្នុងរដូវវស្សានេះ ក៏ដូចជាការត្រៀមខ្លួនជាស្រេចឈានឆ្ពោះទៅដំណើរការប្រព្រឹត្តិទៅនៃវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពតាមរយៈការសិក្សាបែបអនុវត្តជាក់ស្តែងក្នុងមន្ទីរពេទ្យ”។
លោកជំទាវក៏បានរំលឹកឡើងវិញអំពីខ្លឹមសារនៃកិច្ចប្រជុំជាបន្តបន្ទាប់នេះរហូតដល់ពេលបញ្ចប់នៃវគ្គសិក្សាពង្រឹងសមត្ថភាព គឺយើងនឹងពង្រីកវិសាលភាពនៃសកម្មភាពបណ្តុះបណ្តាលបន្តជាបន្តបន្ទាប់ ដែលក្តីរំពឹង នឹងទទួលបានជាផ្លែផ្កានូវគុណភាព និងសុវត្ថិភាពនៃការគ្រប់គ្រងថែទាំអ្នកជំងឺគ្រុនឈាមកាន់តែប្រសើរឡើងបន្ថែមទៀតគ្មានការយារយីរគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ។
ក្នុងឱកាសនេះ លោកជំទាវសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា ការលើកកម្ពស់សុខភាពមាតា និងទារក ក៏ដូចជាសុខភាពសាធារណៈទូទៅ ចាំបាច់ត្រូវមានការចូលរួមចំណែកធានាបាននូវភាពធន់រឹងមាំនូវសមត្ថភាពព្យាបាល និងគ្រប់គ្រងថែទាំអ្នកជំងឺដោយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក ប្រកបដោយប្រសិទ្ធភាព និងសមធម៌ ស្របតាមគោលដៅឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣០ ប្រកបដោយចីរភាព។
កិច្ចប្រជុំបានដំណើរការយ៉ាងស្វាហាប់ ភាតរភាព និងពិភាក្សាផុលផុសក្នុងស្មារតីសាមគ្គីភាពគោលដៅរួមតែមួយ ដោយនាំមកនូវលទ្ធផលគួរជាទីពេញចិត្ត លើការរៀបចំវគ្គសិក្សាពង្រឹងសមត្ថភាពគ្រូពេទ្យឱ្យក្លាយជាគ្រូបង្គោលប្រចាំមន្ទីរពេទ្យ ដែលនឹងចាប់ផ្តើមពីដើមខែសីហា ឆ្នាំ២០២៦ នេះទៅ។
តាមរយៈការសិក្សាបែបអនុវត្តជាក់ស្តែងក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័វរ្ម័នទី៧ សម្រាប់ខេត្តគោលដៅជាជំហានដំបូង និងបន្ទាប់ពីវគ្គសិក្សាគ្រូបង្គោលត្រូវបានបញ្ចប់ គឺគ្រូបង្គោលទាំងអស់នឹងត្រូវអនុវត្តផែនការសកម្មភាពបណ្តុះបណ្តាលធនធានមនុស្សបន្តសម្រាប់មន្ទីពេទ្យរបស់ខ្លួន ព្រមទាំងបន្តតាមដាន និងវាយតម្លៃផលជះនៃការវិវត្តប្រសើរឡើងរបស់សេវាគ្រប់គ្រងថែទាំអ្នកជំងឺគ្រុនឈាមនាអនាគត។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃដដែល ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជាក្តីរំពឹងយ៉ាងមុតមាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ធានាសម្រេចបានគោលដៅសុវត្ថិភាពអ្នកជំងឺ មិនមានការគំរាមកំហែងដល់អាយុជីវិត និងបញ្ជូនអ្នកជំងឺចូលមកមន្ទីរពេទ្យទាន់ពេលវេលា។