ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការសិក្សាស្វែងយល់ពីគុណភាពនៃសេវាសុខភាពមាតា និងទារក នៅមន្ទីរពេទ្យខេត្តកំពង់ចាម ជាមួយគណៈកម្មការ MPDSR មន្ទីរពេទ្យកាល់ម៉ែត។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពង្រឹងយន្តការប្រព័ន្ធពិនិត្យមរណភាព និងទារកនៅថ្នាក់ក្រោមជាតិ រវាងមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យសម្ព័ន្ធមេត្រី មានខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តព្រះសីហនុក្នុងការបង្កើនគុណភាព និងសុវត្ថិភាពជូនម្តាយ និងទារក កាត់បន្ថយមរណភាពដែលអាចការពារបាន។ តាមរយៈការពិភាក្សារួមគ្នាលើរបាយការណ៍ ទម្រង់ការយឺតយ៉ាវ ទាំង ៣ (3 Delays) អង្គប្រជុំក៏បានរកឃើញនូវចំនុចដែលអនុវត្តបានល្អ និងរកឃើញនូវ ចំណុចមួយចំនួនទៀត ដែលត្រូវធ្វើការកែលម្អ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារ សម្រាប់ជួយជីវិតមាតា និងទារក តាមរយៈការរៀបចំធ្វើផែនការឆ្លើយតបបានត្រឹមត្រូវ និងទាន់ពេលវេលាដើម្បីបញ្ឈប់មរណភាព ដែលអាចជៀសបាននាពេលអនាគត។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបន្តក្រើនរំលឹកពីសារៈសំខាន់ នៃការងារពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ដែលជាការងារគន្លឹះ និងជាអាទិភាពចម្បង របស់ក្រសួងសុខាភិបាល ជាពិសេសការតាមដានសុខភាពមុនសម្រាល ដោយប្រើពណ៌សំគាល់អំពីកម្រិតប្រឈម ក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីចាត់វិធានការណ៍សមស្របទាន់ពេលវេលា។ លោកជំទាវបានមានប្រសាសន៍ផងដែរ អំពីក្រុមការងាររៀបចំធ្វើការបណ្តុះបណ្តាល ណែនាំអំពីលក្ខខណ្ឌកម្រិតប្រឈម ក្នុងអំឡុងពេលមានផ្ទៃពោះឱ្យបានទូទាំងប្រទេស។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី ជាគណៈកម្មការពិនិត្យ មរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប គ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងចូលរួមកាត់បន្ថយមរណភាពមាតា និងទារក និងទទួលបានលទ្ធផលគួរឱ្យកត់សំគាល់។
កិច្ចប្រជុំនេះ មានការចូលរួមពីគណៈកម្មការថ្នាក់ជាតិ គណៈកម្មការថ្នាក់មន្ទីរពេទ្យជាតិ គណៈកម្មការ MPDSR ខេត្ត សរុបចំនួន ៩៧ រូប។