ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងទាំង១២ របស់ក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានគោលបំណង៖
១)ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងទាំង១២ បញ្ហាប្រឈម និងការផ្តល់អនុសាន៏ក្នុងការបន្តអនុវត្តគម្រោង
២)ដើម្បីស្នើសុំអនុម័តផែនការសកម្មភាពស្តីពីការប្រយុទ្ធនឹងជំងឺមហារីកសុដន់។
ក្នុងកិច្ចប្រជុំនេះមានការធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងទាំង១២ បញ្ហាប្រឈម និងការពិភាក្សាស្នើសុំអនុសាសន៍ពីក្រុមការងារ ដើម្បីឱ្យការអនុវត្តគម្រោងកាន់តែមានភាពល្អប្រសើរ។ វឌ្ឍនភាពនៃគម្រោងទាំង១២ ដែលបានអនុវត្តនាពេលកន្លងមកសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ដូចដែលបានគ្រោងទុក ហើយការសម្រេចបានទាំងនេះមានការចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់នូវមតិយោបល់ពីសមាជិកក្រុមការងារ និងភាគីពាក់ព័ន្ធ។ គម្រោងទាំង១២នេះ នឹងរួមចំណែកក្នុងការគាំទ្រ ដល់ការសម្រេចបាននូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ របស់ក្រសួងសុខាភិបាល។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ និងជំហានបន្ទាប់លើចំណុចមួយចំនួនរួមមាន៖
១-រៀបចំផែនការ ឬកិច្ចប្រជុំ ដើម្បីបញ្ចប់ជាផ្លូវការនូវឯកសារដែលបានរៀបចំរួច
២-ជុំរុញឱ្យក្រុមការងារពន្លឿនការអនុវត្តលើគម្រោងមួយចំនួន ដើម្បីសម្រេចបានតាមផែនការដែលបានគ្រោងទុក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ នាយកដ្ឋានការពារសុខភាព មន្ទីរពេទ្យថ្នាក់ ជាតិ សមាជិកក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ និងដៃគូអភិវឌ្ឍនានា។