Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជួយពង្រឹងសមត្ថភាព ការត្រៀមលក្ខណៈ ការគ្រប់គ្រងវិបត្តិសុខភាព និងការឆ្លើយតបរបស់ស្ថាប័នសុខាភិបាល ទៅនឹងស្ថានភាពវិបត្តិ ឬគ្រោះអាសន្ន។

វគ្គបណ្តុះបណ្តាលនេះជាវគ្គទី១ សម្រាប់ក្រុមទី២ ដោយមានចំនួន ៦ម៉ូឌុល ក្នុងវគ្គនេះរៀនពីម៉ូឌុលទី១ នៅសល់ ៥ម៉ូឌុលទៀតនឹងរៀបចំបណ្តុះបណ្តាលជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ នូវចំនុចដូចខាងក្រោម៖
១)ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវមកបន្តឱ្យបានទៀងទាត់ចំនួន ៥ម៉ូឌុលបន្ថែមទៀត ដែលម៉ូឌុលទាំងនេះសុទ្ធតែសំខាន់ៗ ក្នុងការគ្រប់គ្រងមន្ទីរពេទ្យ
២)បន្ទាប់ពីទទួលចំណេះដឹងពីវគ្គនេះថ្នាក់ដឹកនាំដែលបានចូលរួមត្រូវបណ្តុះបណ្តាលបន្តដល់មន្ត្រី និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព
៣)ត្រូវបង្កើតក្រុមដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការគ្រប់គ្រងវិបត្តិ ឬគ្រោះអាសន្នក្នុងមន្ទីរពេទ្យ និងសហគមន៍ ក្នុងក្រុមត្រូវតែមានគ្រប់សមាសភាពចំរុះ ដើម្បីអនុវត្តការងារទាន់ពេលវេលា។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ធ្វើបទបង្ហាញដោយគ្រូបង្គោលអញ្ជើញមកពីសាលាជាន់ខ្ពស់សុខភាពសាធារណៈបារាំង (EHESP) និងមានការចូលរួមពី នាយកដ្ឋានសេវាសុខភាព វិទ្យាស្ថានសុខភាពសាធារណៈ ប្រធាន និងអនុប្រធាននៃមន្ទីរពេទ្យរាជធានី ខេត្តចំនួន១៣ រួមមាន ខេត្តក្រចេះ ព្រះវិហារ កំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង កោះធំ កំពង់ស្ពឺ ឧត្តរមានជ័យ កោះកុង មណ្ឌលគិរី ស្ទឹងត្រែង ព្រះសីហនុ និងរាជធានីភ្នំពេញ សិក្ខាកាមចូលរួមសរុបចំនួន ៣៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image