ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការព្យាបាល និងថែទាំជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន សម្រាប់គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាក នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលមានសិក្ខាកាមចូលរួមសរុប ៦៨នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គ្រូឧទ្ទេស ក្រុមការងារ និងសិក្ខាកាម ព្រមទាំងបានជំរុញឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពសេវាព្យាបាល និងថែទាំជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងពង្រីកការគ្របដណ្តប់សេវាសុខភាពផ្លូវចិត្ត នៅតាមមូលដ្ឋានសុខាភិបាល។