ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តសៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និសីទគិលានុបដ្ឋាក របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប» ក្រោមប្រធានបទ៖ «ការពង្រឹងវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា៖ នវានុវត្តន៍ គុណភាព និងសុវត្ថិភាពអ្នកជំងឺ» នៅសាលសន្និសីទ សណ្ឋាគារ Empress Angkor Resort & Spa ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈវិជ្ជាជីវៈសុខាភិបាល អ្នកជំនាញវិស័យសុខាភិបាល គិលានុបដ្ឋាក និងអ្នកពាក់ព័ន្ធ សរុបចំនួន ៤៥៨នាក់។
ក្នុងឱកាសនោះ លោកជំទាវសាស្ត្រាចារ្យបានរំលឹក «គិលានុបដ្ឋាក គឺជាកម្លាំងស្នូល និងជាបេះដូងនៃប្រព័ន្ធសុខាភិបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងមេត្តាករុណា ជូនប្រជាពលរដ្ឋ។ ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ការអនុវត្តនវានុវត្តន៍ និងការពង្រឹងវប្បធម៌សុវត្ថិភាព គឺជាកត្តាគន្លឹះក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបនឹងស្តង់ដារតំបន់ និងអន្តរជាតិ។»
សន្និសីទគិលានុបដ្ឋាក របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក រៀបចំឡើងក្នុងគោលបំណង៖
-ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD)។
-លើកកម្ពស់វិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា ដើម្បីបង្កើនគុណភាពនៃការថែទាំ និងធានាសុវត្ថិភាពអ្នកជំងឺ ស្របតាមគោលនយោបាយសុខាភិបាលជាតិ និងនិន្នាការពិភពលោក។
-ពង្រឹងការយល់ដឹងអំពីការប្រកបវិជ្ជាជីវៈគិលានុបដ្ឋាក និងការគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន។
ជាមួយគ្នានេះ លោកជំទាវសាស្ត្រាចារ្យ រួមទាំងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការកសាង «វប្បធម៌មិនលំអៀង (Just Culture) និងគោលការណ៍ មិនសំដៅបន្ទោស មិនសំដៅបង្កើតភាពខ្មាសអៀន (No Name, No Blame, No Shame)» ដើម្បីកាន់តែលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាលគ្រប់កម្រឹតទទួលខុសត្រូវ កាន់តែមានសេចក្តីខ្លាហាន ក្នុងការរាយការណ៍ បង្ហាញ និងរៀនសូត្រពីកំហុសដែលកើតមានឡើងក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃ ដែលជាមូលដ្ឋានសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងធានាសុវត្ថិភាពអ្នកជំងឺប្រកបដោយនិរន្តរភាព។
លោកជំទាវសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ដើម្បីឱ្យវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជាបន្តអភិវឌ្ឍប្រកបដោយចីរភាព និងឆ្លើយតបតាមស្តង់ដារអាស៊ាន និងអន្តរជាតិ ក្រសួងសុខាភិបាលខិតខំបន្តតាមដាន គាំទ្រ និងលើកទឹកចិត្ត ជំរុញកិច្ចសហការកាន់តែជិតស្និទ្ធរវាងក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល មន្ទីរពេទ្យ សមាគមវិជ្ជាជីវៈ និងដៃគូអភិវឌ្ឍន៍ទាំងអស់។ ក្នុងនោះ លោកជំទាវសាស្ត្រាចារ្យបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ រួមមាន៖
១. លើកកម្ពស់គុណភាពនៃការអប់រំ និងបណ្តុះបណ្តាល ទាំងកម្រិតដំបូង និងការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD)។
២. ជំរុញការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការអនុវត្តនវានុវត្តន៍ក្នុងវិស័យគិលានុបដ្ឋាក។
៣. ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការចុះបញ្ជីអាជ្ញាប័ណ្ណឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារកិត្យានុភាពវិជ្ជាជីវៈ និងធានាសុវត្ថិភាពអ្នកជំងឺ។
៤. បណ្តុះវប្បធម៌យុត្តិធម៌ និងលើកទឹកចិត្តដល់ការរាយការណ៍ដោយក្លាហាន ដោយគ្មានការចោទប្រកាន់ នៅគ្រប់គ្រឹះស្ថានសុខាភិបាលទូទាំងប្រទេស ដើម្បីឱ្យវប្បធម៌សុវត្ថិភាពចាក់ឫសរឹងមាំក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា។
ជាទីបញ្ចប់ លោកជំទាវសាស្ត្រាចារ្យបានសម្តែងក្តីសង្ឃឹមថា សន្និសីទនេះនឹងក្លាយជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងនវានុវត្តន៍ថ្មីៗ ដែលអាចយកទៅអនុវត្តជាក់ស្តែងនៅតាមគ្រឹះស្ថានសុខាភិបាលទូទាំងប្រទេស ដើម្បីលើកកម្ពស់វិជ្ជាជីវៈគិលានុបដ្ឋាក ពង្រឹងគុណភាពសេវាសុខាភិបាល និងធានាសុវត្ថិភាពអ្នកជំងឺ សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាប្រកបដោយចីរភាព។