Cambodia
ព័ត៌មានលំអិត

Image
«ជំនួបផ្លាស់ប្តូរយោបល់ បទពិសោធន៍ការងារលើភាពជាអ្នកដឹកនាំវិស័យសុខាភិបាល រវាងកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត»។

ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Avelino Fernandes Ximenes Pereira ភារធារីទី១ និងជាអនុប្រធានបេសកកម្មស្ថានទូត របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំកម្ពុជា ដែលដឹកនាំគណៈប្រតិភូកម្មវិធី Cambodia Immersion Programme 2026 នៃគម្រោង Action Learning Project (ALP 15) ក្នុងវិស័យសុខាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Tim​or​-Leste) ចំនួន ១២រូប។
 
ជំនួបនេះមានគោលបំណងសំខាន់ ក្នុងការសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ការងារជាក់ស្តែង ពីការអភិវឌ្ឍប្រព័ន្ធសុខាភិបាលរបស់កម្ពុជា ជាពិសេសលើ៖ ១)ការធ្វើវិមជ្ឈការប្រព័ន្ធសុខាភិបាល និងការគ្រប់គ្រងសេវាសុខាភិបាលថ្នាក់ក្រោមជាតិ ២)​ការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះគ្រាអាសន្នសុខាភិបាល និងការពង្រឹងសន្តិសុខសុខាភិបាល ៣)ការតាមដានជំងឺឆ្លង ការគ្រប់គ្រងហានិភ័យសុខាភិបាលឆ្លងដែន និងការលើកកម្ពស់ភាពធន់ នៃប្រព័ន្ធសុខាភិបាល ៤)ការទូតសុខាភិបាល កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន និងការត្រៀមខ្លួនធ្វើជា ASEAN Chairmanship 2029 ៥)ការពង្រឹងសេវាថែទាំសុខភាពបឋម និងការចូលរួមរបស់សហគមន៍ក្នុងការលើកកម្ពស់សុខភាព។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូកម្មវិធី Cambodia Immersion Programme 2026 ដែលដឹកនាំដោយ លោក Avelino Fernandes Ximenes Pereira ភារធារីទី១ និងជាអនុប្រធានបេសកកម្មស្ថានទូតរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់ និងស្វែងយល់ប្រព័ន្ធវិស័យសុខាភិបាល និងការគ្រប់គ្រង់សេវាសុខាភិបាលនៅកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លើវិស័យសុខាភិបាល ព្រមទាំងជំរុញការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ស្របតាមទិសដៅសមាហរណកម្មអាស៊ាន និងការត្រៀមខ្លួនរបស់ទីម័រខាងកើត សម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៩។
 
ជាមួយគ្នានេះដែរ ឯកឧត្តមសាស្ត្រាចារ្យ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានផ្តល់ជូននូវបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ដែលមានភាពធន់ និងនិរន្តភាព ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ នៅតាមមន្ទីរសុខាភិបាលរាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព​ និងអង្គភាពពាក់ព័ន្ធផ្សេងៗ ដើម្បីជាការផ្លាស់ប្ដូរបទពិសោធន៍ និងសិក្សាស្វែងយល់ពីការអនុវត្តជាក់ស្ដែង រួមទាំងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ក្នុងក្របខ័ណ្ឌអាស៊ាន។
 
ជាការឆ្លើយតប លោក Avelino Fernandes Ximenes Pereira បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងសុខាភិបាលកម្ពុជា និងមន្ត្រីជំនាញទាំងអស់ ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំយ៉ាងល្អឥតខ្ចោះសម្រាប់គណៈប្រតិភូកម្មវិធី Cambodia Immersion Programme 2026។ បន្ថែមពីនេះទៀត ក្នុងនាមភារធារីទី១ និងជាអនុប្រធានបេសកកម្មស្ថានទូតទីម័រខាងកើត គឺជាកិត្តិយសសម្រាប់ប្រតិភូទីម័រ និងសំដែងនូវការគោរពអរគុណ ដែលបានមកស្វែងយល់ដោយផ្ទាល់អំពីប្រព័ន្ធ និងការគ្រប់គ្រងសេវាសុខាភិបាល ជាមួយថ្នាក់ដឹកនាំសុខាភិបាលកម្ពុជា។ ក្នុងនោះដែរ សម្រាប់បទពិសោធន៍ដែលក្រសួងសុខាភិបាលកម្ពុជាបានចែករំលែក អំពីគោលនយោបាយជាតិ រហូតដល់ការអនុវត្តជាក់ស្តែង នៅតាមមន្ទីរសុខាភិបាលរាជធានី ខេត្ត មន្ទីរពេទ្យ និងមណ្ឌលសុខភាព គឺជាប្រភពចំណេះដឹងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។
 
ជាចុងក្រោយ ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសុខាភិបាលរវាងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពស្អិតរមួត និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពរួមគ្នាបន្ថែមទៀតនាពេលអនាគត។
 
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តមទីប្រឹក្សា អគ្គលេខាធិការរង អគ្គនាយករងបច្ចេកទេស និងតំណាងពីនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង ចំនួន ១៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16

រូបភាព Gallery
1 / 1
Gallery image