ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦
ថ្ងៃអង្គារ១៤ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៥ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៩៦៧ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងនូវការកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត ប្រធានមន្ទីរពេទ្យ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន ព្រមភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមយ៉ាងសកម្ម និងការសហការរួមគ្នា។ លើសពីនេះឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹក អង្គភាពបម្រើសេវាសុខាភិបាលទាំងសេវាសាធារណៈ និងឯកជនទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់លើភាពត្រឹមត្រូវ នៃការថែទាំ និងព្យាបាលឲ្យស្របទៅនឹងនិយាមស្តង់ដារជាតិ និងប្រើប្រាស់ភាពបុរេសកម្មក្នុងការត្រៀមលក្ខណឆ្លើយតបទៅនឹងស្ថានភាពរាតត្បាតនៃជំងឺគ្រុនឈាម ដែលអាចប្រែប្រួលនាពេលខាងមុខ។
លោកជំទាវសាស្រ្តាចារ្យ អុឹម សិទ្ធិការ្យ ក៏បានបង្ហាញជូននូវវឌ្ឍនភាព នៃស្ថានភាពការរាតត្បាតជំងឺគ្រុនឈាម និងផែនការបន្តសម្រាប់អនុវត្ត។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងជំហ៊ាននៃការធ្វើផែនការ ដោយបកស្រាយលម្អិតពីគន្លឹះក្នុងការបង្កើតទម្លាប់ល្អ និងការរៀបចំកិច្ចសហប្រតិបត្តិការក្នុងក្រុមការងារ។
ជាមួយគ្នានេះ មណ្ឌលសុខភាពសំរោង ក៏បានចែករំលែកនូវបទពិសោធន៍នៃការផ្តល់សេវាសុខាភិបាលដើម្បីក្លាយជាមណ្ឌលសុខភាពជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលឆ្នាំ២០២៥ ដោយបង្ហាញនូវកិច្ចខិតខំកែលម្អសេវាជាជំហ៊ានៗ មិនឈប់ឈរ ប្រើប្រាស់នវានុវត្តន៍ និងបង្កើនសាមគ្គីភាពរវាងបុគ្គលិក និងសហគមន៍។