ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តសៀមរាប៖ ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល គិលានុបដ្ឋាក និងឆ្មបនៅមណ្ឌលសុខភាព ស្តីពីសេវាសង្គ្រោះបឋម និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺប្រកបដោយសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ការពង្រឹងសមត្ថភាពបុគ្គលិក មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងការផ្តល់សេវាសង្គ្រោះបឋម និងអនុវត្តនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យមានប្រសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់នូវចំនុចមួយចំនួនដូចខាងក្រោម៖
១)ត្រូវយកចិត្តទុកដាក់ស្ដាប់ និងទទួលយកនូវចំណេះដឹងថ្មីៗពីគ្រូបង្គោលថ្នាក់ជាតិមានបទពិសោធន៍យូរឆ្នាំ ដែលបានចែករំលែកនៅក្នុងវគ្គបណ្តុះបណ្តាលនេះ
២)សិក្សាចំណេះដឹងថ្មី ពិនិត្យមើលអ្វីដែលយើងបានធ្វើត្រូវ អ្វីដែលជាចំណុចខ្វះខាត កន្លងមក និងធ្វើផែនការកែលម្អ
៣)ពិនិត្យកន្លែងការងាររបស់យើង មានសម្ភារអ្វីខ្លះ ត្រូវការអ្វីខ្លះ រៀបចំផែនការកែលម្អ
៤)រៀបចំឡើងវិញនូវវិន័យការងារ អនាម័យនៅក្នុងមណ្ឌល សំលៀកបំពាក់ឯកសណ្ឋាន សមរម្យ និងឥរិយាបទឱ្យបានត្រឹមត្រូវ
៥)ផ្តល់សេវាប្រកបដោយមេត្តាករុណា ជាពិសេសក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការងារជាក្រុម ហើយត្រូវអនុវត្តឱ្យបានលឿន និងមានសុវត្ថិភាព
៦)ក្រុមការងារបញ្ជូន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ មានឯកសណ្ឋានសមរម្យ មានសម្ភារបរិក្ខាគ្រប់គ្រាន់ ត្រូវនៅជាប់ជាមួយអ្នកជំងឺក្នុងអំឡុងពេលបញ្ជូនជំងឺ ជូនដំណឹងដល់មន្ទីរពេទ្យទទួលឱ្យបានដឹងមុនដើម្បីក្រុមការងាររៀបចំសម្ភារ ឱសថ និងក្រុមជំនាញរង់ចាំ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន២ថ្ងៃ និងការអនុវត្តលើម៉ានីកាំងរយៈពេល១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី នាយកដ្ឋានសេវាសុខភាព មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប មន្ទីរពេទ្យខេត្តសៀមរាប ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប សិក្ខាកាមចូលរួមសរុបចំនួន ១១០រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពក្នុងខេត្តសៀមរាប។