ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម នៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារដើម្បីពិនិត្យវឌ្ឍនភាព នៃការចុះគាំទ្រតាមដាននៅថ្នាក់មណ្ឌលសុខភាព។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមសាស្រ្តចារ្យរដ្ឋលេខាធិការ ថ្លែងនូវការកោតសសើរ និងអរគុណដល់ថ្នាក់ដឹកនំា និងក្រុមការងារដែលខិតខំយ៉ាងសកម្ម ក្នុងការចុះគាំទ្រតាមដាននៅថ្នាក់មណ្ឌលសុខភាព ឯកឧត្តមសាស្រ្តចារ្យបានលើកឡើងពី៖
១)ការពិនិត្យវឌ្ឍនភាព៖ លទ្ធផលនៃការចុះអភិបាលកិច្ចផ្ទាល់នៅតាមមណ្ឌលសុខភាពគោលដៅ ដោយបានសង្កេតឃើញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ លើការផ្តល់សេវាព្យាបាលជំងឺទូទៅ សេវាសម្ភព រោគស្ត្រី ការចាក់ថ្នាំបង្ការ ការថែទាំសុខភាពម្តាយ និងកូន ដោយក្រុមការងារបានធ្វើការតាមដាន និងពិនិត្យយ៉ាងហ្មត់ចត់លើសមិទ្ធផលដែលសម្រេចបាន ព្រមទាំងវាយតម្លៃ លើសកម្មភាពចុះគាំទ្រតាមដានផ្ទាល់នៅថ្នាក់មណ្ឌលសុខភាព។
២)ការផ្លាស់ប្តូរបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈម៖ កិច្ចប្រជុំបានផ្ដល់ឱកាសដល់សមាជិក-សមាជិកាក្នុងការពិភាក្សា ចែករំលែកបទពិសោធន៍ល្អៗ និងលើកឡើងពីបញ្ហាប្រឈមជាក់ស្តែង ក្នុងការអនុវត្តការងារនៅមូលដ្ឋាន។
៣)ការដាក់ចេញអនុសាសន៍ណែនាំ៖ ផ្អែកលើបញ្ហាប្រឈមដែលបានរកឃើញ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍គន្លឹះ និងវិធានការដោះស្រាយសំខាន់ៗ ដើម្បីបន្តកែលម្អ និងពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាពឱ្យកាន់តែមានលក្ខណៈល្អប្រសើរ និងឆ្លើយតបចំតម្រូវការ ដើម្បីកែលម្អគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងគោលបំណងធានានូវសុខុមាលភាពប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព។