ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តបាត់ដំបង៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្ត សង្គម ដល់ជនរងគ្រោះដែលប៉ះទង្គិចផ្លូវចិត្ត ដែលរៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា ថៃ ក្រោមការគាំទ្រពីគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ជំនាញនៃការគាំទ្រចិត្ត សង្គម និងការផ្តល់ប្រឹក្សាដល់អ្នកដែលមានការប៉ះទង្គិចផ្លូវចិត្ត គឺជាអន្តរាគមន៍ចាំបាច់ ដែលត្រូវផ្តល់ជូនជនរងគ្រោះ ក្នុងការឆ្លើយតបទៅនឹងស្ថានភាពវិបត្តិ និងភាពតានតឹងផ្សេងៗ ប្រកបដោយគុណភាព ទាន់ពេលវេលា។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងបង្កើនបណ្តាញគ្រូបង្គោលថ្នាក់ខេត្ត ដើម្បីពង្រីកការផ្តល់សេវាសុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសង្គម នៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់គ្រូបង្គោលថ្នាក់ខេត្តទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងត្រៀមខ្លួនចូលរួមវគ្គបណ្តុះបណ្តាលបន្ថែម ដើម្បីក្លាយជាធនធានបច្ចេកទេស ផ្នែកសុខភាពផ្លូវចិត្តនៅថ្នាក់ខេត្ត ជាពិសេសលើការអនុវត្តសំណុំសកម្មភាពអប្បបរមា និងសំណុំសកម្មភាពបង្គ្រប់សម្រាប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន គ្រូឧទ្ទេស ដៃគូអភិវឌ្ឍន៍ និងគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំទ្រការរៀបចំវគ្គបណ្តុះបណ្តាលនេះ និងបានប្រកាសបិទវគ្គបណ្តុះបណ្តាលជាផ្លូវការ ព្រមទាំងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាមចំនួន ៤០រូប ដែលបានបំពេញវគ្គដោយជោគជ័យ ដើម្បីទទួលស្គាល់សមត្ថភាពជាគ្រូបង្គោលថ្នាក់ខេត្ត និងលើកទឹកចិត្តឱ្យបន្តអនុវត្ត ពង្រីក និងផ្ទេរចំណេះដឹងទៅកាន់មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋាន។