ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តកំពង់ចាម៖ ថ្ងៃអង្គារ ទី២៨ ដល់ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមយយឯកឧត្តមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យ និងគាំទ្រការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម។
ការចុះពិនិត្យនេះធ្វើឡើងដើម្បីពង្រឹងគុណភាពសេវាកម្ម ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរអ្នកជំងឺ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់របស់មន្ទីរពេទ្យ ដែលមានប្រជាពលរដ្ឋមកទទួលសេវាយ៉ាងច្រើនកុះករ និងទទួលបានការថែទាំយ៉ាងល្អ ជាពិសេសផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបន្ទាន់ និងសម្ភព។
ឯកឧត្តមបានណែនាំនូវចំណុចមួយចំនួនដូចខាងក្រោម៖
១.ត្រូវពន្លឿនការផ្តល់សេវាឱ្យកាន់តែឆាប់រហ័ស និងប្រកបដោយគុណភាព
២.មន្ត្រីសុខាភិបាលត្រូវមានភាពរួសរាយរាក់ទាក់ និងមានស្នាមញញឹម និងការគោរពដើម្បីបង្កើនភាពកក់ក្តៅ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដែលមកទទួលសេវា
៣.ត្រូវយកចិត្តទុកដាក់ខ្ពស់លើអនាម័យ និងការការពាររោគឆ្លង ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងផ្នែកវះកាត់។
ជាចុងក្រោយ ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខ និងការកោតសរសើរពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ។