Cambodia
ព័ត៌មានលំអិត

Image
ចុះទស្សនកិច្ចការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃព្រហសប្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជានាយករងគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានទទួលស្វាគមន៍ លោកសាស្ត្រាចារ្យ Yongkul Won នាយកសាកលវិទ្យាល័យសេអ៊ូល (University of Seoul) និងជាសមាជិកគណៈកម្មការប្រឹក្សា (Advisory Committee Member) នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ និងសហការី មកទស្សនកិច្ចការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យ និងក្រុមការងារ ដែលបានចំណាយពេលវេលាអញ្ជើញមកបំពេញទស្សនកិច្ចដោយផ្ទាល់ នៅការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យស្ថិតនៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបប្រតិភូថា គម្រោងក្រោមហិរញ្ញប្បទានកម្ចីពីសាធារណរដ្ឋកូរ៉េ ដ៏មានសារសំខាន់នេះ នឹងក្លាយជាមន្ទីរពេទ្យសាកលវិទ្យាល័យសុខាភិបាលទី១ នៅកម្ពុជា ដែលផ្តល់ទាំងសេវាថែទាំសុខភាពប្រជាជន និងការបណ្តុះបណ្តាលទាំងមុនពេលបម្រើការងារ (Pre-services) ទាំងការបណ្តុះបណ្តាលក្នុងពេលបំពេញការងារ (In-services) ព្រមទាំងការស្រាវជ្រាវគ្លីនិកផងដែរ។

លោកសាស្ត្រាចារ្យ Yongkul Won បានលើកឡើងថា គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះ មិនមែនគ្រាន់តែជាការសាងសង់អគារនោះទេ ប៉ុន្តែជាការប្រែក្លាយហិរញ្ញប្បទានទៅជាការអប់រំ និងប្រែក្លាយអគារទៅជាស្ថាប័នប្រកបដោយចីរភាព។ លោកសាស្ត្រាចារ្យមើលឃើញថា មន្ទីរពេទ្យសាកលវិទ្យាល័យនាពេលអនាគត នឹងក្លាយជាមន្ទីរពេទ្យសាកលវិទ្យាល័យជាតិដំបូងរបស់កម្ពុជា ដែលមានតួនាទីសំខាន់ ក្នុងការផ្តល់សេវាព្យាបាលអ្នកជំងឺ ការបណ្តុះបណ្តាលគ្លីនិកតាមស្តង់ដារ ទាំងសម្រាប់និស្សិតកំពុងសិក្សាផ្នែកវិទ្យាសាស្រ្តសុខាភិបាល និងមន្រ្តីសុខាភិបាល ដែលកំពុងបំពេញការងារនៅគ្រឹះស្ថានសុខាភិបាលនានា។

លោកសាស្រ្តាចារ្យជំនួយ បូរី សុថ្ថារិទ្ធ នាយកមន្ទីរពេទ្យសាកលវិទ្យាល័យ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ ដែលមានលទ្ធភាពសរុបចំនួន ២០០គ្រែ នៅដំណាក់កាលទី១នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខ។ លោកសាស្រ្តាចារ្យជំនួយបានគូសបញ្ជាក់ថា មន្ទីរពេទ្យសាកលវិទ្យាល័យមានបេសកកម្មស្នូលចំនួន៣ គឺការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាព ការបណ្តុះបណ្តាលនិស្សិត    វិស័យសុខាភិបាល និងការអភិវឌ្ឍវិជ្ជាជីវៈបន្តដល់បុគ្គលិកសុខាភិបាល ព្រមទាំងជំរុញការស្រាវជ្រាវគ្លីនិក និងនវានុវត្តន៍។ លោកនាយកមន្ទីរពេទ្យសាកលវិទ្យាល័យ បានគូសរំលេចថា មន្ទីរពេទ្យសាកលវិទ្យាល័យមានគោលដៅក្លាយជាមន្ទីរពេទ្យសាកលវិទ្យាល័យគំរូក្នុងការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល។
 
ឯកឧត្តមរដ្ឋលេខាធិការបានរំលឹកអំពីលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (Feasibility Study) ថា គម្រោងដែលកំពុងអនុវត្តនេះគឺជាដំណាក់កាលទី១ ដែលមានចំណុះ ២០០គ្រែ ដូច្នេះដើម្បីឱ្យមន្ទីរពេទ្យសាកលវិទ្យាល័យនេះបំពេញមុខងារពេញលេញទាមទារនូវការអនុវត្តដំណាក់កាលទី២។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំលោកសាស្ត្រាចារ្យ Yongkul Won ពិចារណាគាំទ្រគម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យដំណាក់កាលទី២ ជាបន្តទៀត។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ បានបង្ហាញឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល និងពាំនាំសំណើសុំដំណាក់កាលទី២ របស់ក្រសួងសុខាភិបាល ទៅជូនមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងពិនិត្យលទ្ធភាពពង្រីកប្រព័ន្ធព័ត៌មានមន្ទីរពេទ្យសាកលវិទ្យាល័យ ឧបករណ៍ឌីជីថល បញ្ញាសិប្បនិម្មិត និងការកសាងសមត្ថភាពឌីជីថល ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការផ្តល់សេវារបស់មន្ទីរពេទ្យឱ្យកាន់តែមានប្រសិទ្ធភាព។

សូមគូសបញ្ជាក់ថា ក្នុងពេលទស្សនកិច្ចនៅការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យនេះ ក៏មានការចូលរួមពី លោក Bonhyun Koo នាយកប្រចាំប្រទេសកម្ពុជានៃ EDCF​ លោកស្រីនាយករង និងតំណាងក្រុមហ៊ុនទីប្រឹក្សាគម្រោង ក្រុមហ៊ុនអនុវត្តគម្រោង និងមន្រ្តីនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image