Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មិនមែនគ្រាន់តែជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិវឌ្ឍមូលធនមនុស្ស»។

ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ គ.ព.ស.គ.ញ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងការអនុវត្តការងារថែទាំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា ការព្យាបាលអ្នកញៀនគ្រឿងញៀន គឺជាការងារពហុវិស័យមួយ ដែលទាមទារកិច្ចសហការជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាឱ្យការគ្រប់គ្រង ការព្យាបាល និងការស្តារនីតិសម្បទាអ្នកញឿនគ្រឿងញៀនប្រកបដោយគុណភាពនិងអាចឱ្យពួកគាត់វិលត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញដោយជោគជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន ការពង្រឹងគុណភាពនៃការព្យាបាល ពង្រឹងប្រព័ន្ធតាមដាន ការបញ្ជូន និងលើកកម្ពស់ការបង្ការតាមគោលការណ៍ «ការពារប្រសើរជាងព្យាបាល» ដោយមានការចូលរួមពីអាជ្ញាធរ និងគ្រួសារ ព្រមទាំងពង្រឹងការអភិវឌ្ឍធនធានមនុស្ស ពង្រីកសេវាព្យាបាល និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលងាយៗក្នុងការគ្រប់គ្រងទិន្នន័យ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារថែទាំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសុខាភិបាល បានរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦–២០២៨។ អង្គប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីពង្រឹងគុណភាពសេវាព្យាបាល ស្តារនីតិសម្បទា និងការធ្វើសមាហរណកម្មអ្នកញៀនគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ សរុបប្រមាណ ១០០ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

រូបភាព Gallery
1 / 1
Gallery image