ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស រៀបចំនិយាមបែបបទ និងគោលការណ៍ណែនាំ ស្តីពីការបង្ការ ថែទាំ និងគ្រប់គ្រងជំងឺគ្រុនឈាមលើស្រ្តីមានផ្ទៃពោះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ របស់ក្រុមការងារការងារបច្ចេកទេសរៀបចំ និយាមបែបបទ និងគោលការណ៍ណែនាំ ស្តីពីការបង្ការ ថែទាំ និងគ្រប់គ្រងជំងឺគ្រុនឈាម លើស្រ្តីមានផ្ទៃពោះ តាមប្រព័ន្ធនិម្មិត។
កិច្ចប្រជុំនេះមានគោលបំណង៖ ១)ពិភាក្សា និងឯកភាពលើវិសាលភាព ក្របខណ្ឌការងារ និងការរៀបចំនិយាមបែបបទ (Standard Operation Procedure: SOP) និងគោលការណ៍ណែនាំស្តីពីការបង្ការ ការថែទាំ និងការគ្រប់គ្រង ជំងឺគ្រុនឈាមលើស្ត្រីមានផ្ទៃពោះ ២)កំណត់តួនាទី និងភារកិច្ចរបស់សមាជិកក្រុមការងារបច្ចេកទេស ព្រមទាំងបែងចែកការទទួលខុសត្រូវ និងកាលវិភាគការងារដើម្បីធានាការរៀបចំ SOP និងគោលការណ៍ណែនាំឱ្យបានទាន់ពេលវេលា និងមានគុណភាព។
ក្នុងឱកាសបើកកិច្ចប្រជុំ លោកជំទាវសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានលើកឡើងថា ការកែលម្អគុណភាពសេវាសុខភាពមាតា ទារក និងកុមារ គឺជាយុទ្ធសាស្ត្រអាទិភាព របស់ក្រសួងសុខាភិបាល។ ទោះបីជាពេលនេះ អត្រាមរណភាពមាតា ទារក បានកាត់បន្ថយ ប៉ុន្តែយើងនៅតែយកចិត្តទុកដាក់ពង្រឹងនូវសេវាថែទាំ ព្យាបាលបន្តទៀត ជាពិសេសសេវាថែទាំផ្ទៃពោះមុនសម្រាល ដើម្បីឆ្លើយតបការកាត់បន្ថយអត្រាមរណភាពមាតា ទារកឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ លោកជំទាវបានលើកឡើងនូវអនុសាសន៍សំខាន់ៗ ចំនួន ៥ចំណុច រួមមាន ៖
១.ក្នុងករណីស្ត្រីមានផ្ទៃពោះមានក្តៅខ្លួន ត្រូវធ្វើចំណាត់ថ្នាក់ជាផ្ទៃពោះមានហានិភ័យ កូដពណ៌ក្រហម
២.ពង្រឹងការធ្វើការងារពហុជំនាញ រួមមានផ្នែកសម្ភព ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសណ្តំ ផ្នែកទារក កុមារ ផ្នែកមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ ដើម្បីឱ្យការងារថែទាំ ព្យាបាលមានគុណភាព និងប្រសិទ្ធភាព
៣.ត្រូវផ្តោតសំខាន់លើការបញ្ចូលជាតិទឹក ឱ្យបានត្រឹមត្រូវ និងការត្រៀមឈាមទៅតាមតម្រូវការ
៤.ការសម្រចចិត្តសម្រាល ត្រូវផ្អែកលើស្ថានភាពជាក់ស្តែង និងផ្នែកសម្ភព
៥.ពង្រឹងប្រព័ន្ធតាមដាន និងរាយការណ៍ ដើម្បីឱ្យទិន្នន័យដល់កម្មវិធីជាតិ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ៣១រូប ដែលជាសមាជិកក្រុមការងារ មកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យជ័យវរ័ន្មទី៧ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មន្ទីរពេទ្យព្រះអង្គឌួង អង្គការUNICEF និងអង្គការ UNFPA។