Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គការ FHI 360 ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការឆ្លើយតបមេរោគអេដស៍នៅកម្ពុជា

ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២៦

ប្រទេសប្រេស៊ីល៖ ឆ្លៀតក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ AIDS 2026 នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គការ FHI 360 ដើម្បីពិភាក្សា អំពីទិសដៅនៃការអនុវត្តកម្មវិធី និងការពង្រឹងភាពចីរភាពនៃការឆ្លើយតបមេរោគអេដស៍នៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើអាទិភាពសំខាន់ៗ រួមមាន ការធានានិរន្តរភាពនៃសេវាបង្ការ ការធ្វើតេស្ត ការព្យាបាល ការតាមដានបរិមាណមេរោគ (Viral Load Monitoring) និងសេវាកម្មផ្អែកលើសហគមន៍។ ជាមួយគ្នានេះ ក៏បានពិភាក្សាអំពីការពង្រីកការប្រើប្រាស់ថ្នាំបង្ការមុនការប៉ះពាល់មេរោគអេដស៍ (PrEP) ការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង (HIV Self-Testing) ការពង្រឹងការបន្តទទួលការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ ការលើកកម្ពស់គុណភាពទិន្នន័យ និងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល ជាពិសេសប្រព័ន្ធ HIV Master Patient Index។

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះអង្គការ FHI 360 ដែលបាននិងបន្តគាំទ្រក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) ក្នុងការអនុវត្តកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍នៅកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល NCHADS អង្គការ FHI 360 ដៃគូរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង្គការពាក់ព័ន្ធ និងសហគមន៍អ្នកជំងឺ ដើម្បីធានាការផ្លាស់ប្តូរប្រកបដោយរលូន និងនិរន្តរភាព ស្របតាមគោលដៅបញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខភាពសាធារណៈនៅឆ្នាំ២០៣០។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងក្រសួងសុខាភិបាល និងអង្គការ FHI 360 ក្នុងការពង្រឹងភាពជាដៃគូ ការរក្សានិរន្តរភាពនៃសេវាសុខាភិបាល និងការបន្តការវិនិយោគលើប្រព័ន្ធសុខាភិបាល ដើម្បីរក្សាសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគអេដស៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image