ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី១ ខែសីហាឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានអញ្ជើញជាអធិបតីបើក សន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៩ នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា (CAGE) ដែលជាវេទិកាដ៏សំខាន់សម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងនវានុវត្តន៍ក្នុងវិស័យអន្តោទស្សន៍ប្រព័ន្ធរំលាយអាហារ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានអបអរសាទរចំពោះសមាគម CAGE ដែលបានបន្តលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ការអប់រំវេជ្ជសាស្ត្របន្ត (CPD) និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលនៅកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ដោយផ្តោតលើ «គុណភាព សុវត្ថិភាព និងអ្នកជំងឺជាស្នូល» (Quality, Safety and Patient-Centered Care) និងបានអំពាវនាវដល់គ្រូពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តការងារដោយសុចរិតភាព មានទំនួលខុសត្រូវ បន្តការរៀនសូត្រពេញមួយជីវិត និងផ្តល់ការថែទាំដោយផ្អែកលើផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់អ្នកជំងឺ។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានស្វាគមន៍ការដាក់បង្ហាញ «សេចក្តីថ្លែងការណ៍រួមរបស់គ្រូពេទ្យកម្ពុជា ស្តីពីការគ្រប់គ្រងការហូរឈាមផ្នែកខាងលើនៃប្រព័ន្ធរំលាយអាហារ» ដែលជាលទ្ធផលនៃកិច្ចសហការរវាងសមាគមអន្តោទស្សន៍កោសល្យ (CAGE) និងសមាគមគ្រូពេទ្យសន្តំប្រពោធនកម្ម និងសង្រ្គោះបន្ទាន់កម្ពុជា (SCARMU) និងជាឯកសារគោលសម្រាប់ជួយពង្រឹងស្តង់ដារអនុវត្តក្នុងការពិនិត្យព្យាបាលជំងឺឱ្យស្របតាមបរិបទជាតិ អន្តរជាតិ និងធនធានរបស់កម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានលើកទឹកចិត្តឱ្យអ្នកជំនាញទាំងអស់បន្តពង្រឹងចំណេះជំនាញបច្ចេកទេសជាប្រចាំ គោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការថែទាំអ្នកជំងឺនៅកម្ពុជា។