Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការធានាចីរភាពនៃកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ (HIV/AIDS) នៅកម្ពុជា

ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៦

ប្រទេសប្រេស៊ីល៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោក Jeffrey Graham មន្ត្រីជាន់ខ្ពស់ប្រចាំការិយាល័យសន្តិសុខសុខភាពសកល និងការទូត នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងកិច្ចសន្ទនា ស្តីពីទិសដៅអនាគតនៃការគាំទ្រកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ និងការធានាចីរភាពនៃសមិទ្ធផលដែលកម្ពុជាសម្រេចបាន។

ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា កម្ពុជាបានទទួលជោគជ័យយ៉ាងគួរឱ្យកត់សម្គាល់ក្នុងការបង្ការ ការព្យាបាល និងការថែទាំអ្នកផ្ទុកមេរោគអេដស៍ ដោយសារការដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងបរិបទដែលប្រភពថវិកាពីខាងក្រៅមានការប្រែប្រួល កម្ពុជានឹងបន្តពង្រឹងភាពជាម្ចាស់របស់ជាតិ លើកកម្ពស់ការវិនិយោគថវិកាក្នុងស្រុក បញ្ចូលសេវាពាក់ព័ន្ធនឹងមេរោគអេដស៍ទៅក្នុងសេវាថែទាំសុខភាពបឋមនៅកម្រិតសហគមន៍ និងធានាថាប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្រុមប្រជាជនគន្លឹះ និងក្រុមងាយរងគ្រោះ ទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សមភាព និងនិរន្តរភាព។

ភាគីទាំងពីរក៏បានពិភាក្សាអំពី ការរៀបចំ និងត្រៀមអនុវត្តកិច្ចព្រមព្រៀង (MOU) ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់រយៈពេលឆ្នាំ២០២៦–២០៣០ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានានៅពេលអនាគត រួមមាន ការធានាចីរភាពហិរញ្ញវត្ថុ ការរក្សាការផ្គត់ផ្គង់ឱសថ និងសម្ភារៈវេជ្ជសាស្ត្រចាំបាច់ ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងការបន្តគាំទ្រអង្គការសហគមន៍ដែលមានតួនាទីសំខាន់ក្នុងការស្វែងរក និងផ្តល់សេវាជូនប្រជាជនគោលដៅ។

លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយបានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តពង្រឹងបន្ថែមទៀត ដើម្បីរក្សាសមិទ្ធផលដែលសម្រេចបាន និងឈានទៅបញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខភាពសាធារណៈនៅកម្ពុជា ស្របតាមគោលដៅឆ្នាំ២០៣០។

Image 1
Image 2
Image 3
Image 4

រូបភាព Gallery
1 / 1
Gallery image