Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)។

ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៦

ខេត្តកំពត៖ រសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពថែទាំព្យាបាល សុខុមាលភាពមាតា និងទារក និងរោគស្រ្តី ក្នុងព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV ដែលបានប្រពឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារខេមរា ខេត្តកំពត ក្រោមការឧបត្ថម្ភរបស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)។

គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពរបស់គ្រូបង្គោល នៅកម្រិតមន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ លើជំនាញ៖
១)ការប្រើប្រាស់តេស្ត HPV សម្រាប់ពិនិត្យរកជំងឺមហារីកមាត់ស្បូន តាមរយៈការយកសំណាកដោយខ្លួនឯង (Cervical Cancer Screening using HPV Self-sampling Testing) គ្រប់ដំណាក់កាល រួមមាន ការអប់រំសុខភាពអំពីជំងឺមហារីកមាត់ស្បូន ការផ្តល់ប្រឹក្សា វិធីសាស្ត្រយកសំណាកដោយខ្លួនឯង ការគ្រប់គ្រងសំណាកដើម្បីធានានូវគុណភាព ប្រព័ន្ធដឹកជញ្ជូនសំណាកទៅកាន់មន្ទីរពិសោធន៍ ការកត់ត្រាទិន្នន័យនៅក្នុងប្រព័ន្ធកំណត់ត្រាអេឡិចត្រូនិក (EMR) និងការបកស្រាយលទ្ធផលជូនដល់ស្ត្រី។
២)ការរៀបចំផែនការបណ្តុះបណ្តាលបន្តដល់ឆ្មបនៅមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ក្នុងតំបន់គ្របដណ្តប់របស់ខ្លួន ដោយប្រើប្រាស់វិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព។

នៅក្នុងពិធីបិទវគ្គ លោកជំទាវសាស្ត្រាចារ្យ បានលើកទឹកចិត្តដល់សិក្ខាកាមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្រៀនពីរបៀបនៃការយកសំណាកដោយខ្លួនឯងឱ្យបានត្រឹមត្រូវ ជាពិសេសការពន្យល់ណែនាំដល់ស្ត្រី ដោយត្រូវធានាថាស្ត្រីបានយល់ច្បាស់ពីនីតិវិធីនៃការយកសំណាកដោយខ្លួនឯងមុននឹងចាប់ផ្តើមអនុវត្ត ក្នុងគោលបំណងធានាបាននូវលទ្ធផលដែលច្បាស់លាស់ និងអាចជឿទុកចិត្តបាន។

ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល លោកជំទាវសាស្ត្រាចារ្យបានផ្តល់កិត្តិយសប្រគល់នូវវិញ្ញាបនបត្រជូនដល់សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ សរុបចំនួន ៣៥ រូប ដែលអញ្ជើញមកពីខេត្តចំនួន៣ រួមមាន ខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំង។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយអគ្គនាយករងបច្ចេកទេសសុខាភិបាល លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តកំពត គ្រូបង្គោលថ្នាក់ជាតិដែលអញ្ជើញមកពីមន្ទីរពេទ្យកាល់ម៉ែត លោក លោកស្រីតំណាងនាយកដ្ឋានការពារសុខភាព តំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ តំណាងដៃគូអភិវឌ្ឍន៍ក្នុងគម្រោង H-EQIP 2 និងតំណាងអង្គការ JICA សរុបអ្នកចូលរួមទាំងអស់ចំនួន ៥២ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image