ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៦
ខេត្តមណ្ឌលគិរី៖ ថ្ងៃចន្ទ ទី៣ និងថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល តាមបណ្តារាជធានី ខេត្ត ដឹកនាំដោយឯកឧត្ដមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការ និងឯកឧត្ដមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃជំងឺគ្រុនឈាម ដោយសហការជាមួយមន្ទីរពេទ្យកុមារជាតិ។
គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺ ដើម្បីធ្វើវិក្រឹតការ ចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេស និងវិធានការព្យាបាលថ្មីៗ ដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាមបានឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។
ថ្នាក់ដឹកនាំទាំងពីររូបបានជួបសំណេះសំណាល ក្នុងពិធីបើកបើកវគ្គបណ្តុះបណ្តាល ដោយផ្តល់នូវអនុសាសន៍ដល់សិក្ខាកាម ឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រពីសាស្រ្តាចារ្យ ដែលជាអ្នកឯកទេសនៃជំងឺគ្រុនឈាម ក្នុងគោលបំណងពង្រឹងសមត្ថភាព ដើម្បីក្លាយជាគ្រូបង្គោលប្រចាំមន្ទីរពេទ្យរបស់ខ្លួន សម្រាប់ការបណ្តុះបណ្តាលបន្ត ទៅដល់សហការីជាគ្រូពេទ្យ ជាគិលានុបដ្ឋាកនៅពេលបន្តបន្ទាប់ទៀត។
បន្ទាប់ពីបើកវគ្គបណ្តុះបណ្តាលរួច ថ្នាក់ដឹកនាំបានអញ្ជើញចុះអភិបាលពិនិត្យការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម នៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកក្នុងភូមិសាស្រ្ត នៃខេត្តមណ្ឌលគិរី ដោយផ្តោតលើ៖
-ការងារគ្រប់គ្រង បែងចែកអ្នកជំងឺសម្រាកពេទ្យ ជាពិសេសអ្នកជំងឹគ្រុនឈាម ដែលកំពុងតែមានចំនួនច្រើនពោរពេញ ឱ្យសមស្រប ប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីការថែទាំ ព្យាបាល និងតាមដានជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
-ការងារបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ដែលមានកម្រិតខ្ពស់ជាង ឱ្យទាន់ពេលវេលា តាមបទដ្ឋានបច្ចេកទេស និងប្រកបដោយសុវត្ថិភាព។
- ការផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ ដើម្បីលប់បំបាត់ជម្រកមូសដែលជាភ្នាក់ចម្លងជម្ងឺគ្រុនឈាម។
សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពី ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តមណ្ឌលគីរី លោក លោកស្រី ជាវេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាកមកពីគ្រប់មន្ទីរពេទ្យទាំងអស់ ក្នុងខេត្តមណ្ឌលគិរី។