Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ការវិនិយោគលើសុខភាពមាតា និងទារក មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគលើមូលធនមនុស្ស សម្រាប់អនាគតរបស់កុមារ»

ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៦

បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមជំនួយរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។
 
សមិទ្ធផលថ្មីនេះ គឺជាការវិនិយោគ និងការកសាងប្រព័ន្ធសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ដែលមានភាពធន់ បានកើតចេញពីការខិតខំប្រឹងប្រែងដោយបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ ការផ្តល់អាទិភាពខ្ពស់របស់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនទាំងបច្ចុប្បន្ន និងអនាគត។
 
ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្ភពនាពេលនេះ គឺជាសមិទ្ធផលដែលមានអត្ថន័យលើសពីការបញ្ចប់​គម្រោងសាងសង់ ជាងនេះទៅទៀតក៏បានបង្ហាញឱ្យឃើញពីចក្ខុវិស័យរួម ក្នុងការពង្រឹងប្រព័ន្ធសុខាភិបា​លកាន់តែមានគុណភាព ភាពធន់ និងឆ្លើយតបតម្រូវការរបស់ប្រជាជនកាន់តែមានប្រសិទ្ធភាព។ អគារសម្ភពនេះ ជាទ្រព្យសម្បត្តិដ៏សំខាន់មួយ ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងគុណភាពសេវា​សង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងទារកទើបនឹងកើត ព្រមទាំងពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកប​ដោយ​សុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ និងតំបន់ជាប់ព្រំដែន។
 
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ការវិនិយោគលើសុខភាពមាតា និងទារក មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគលើមូលធនមនុស្ស លើអនាគតរបស់កុមារ និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ» ពោលគឺនៅពេលទារកម្នាក់កើតមកដោយសុវត្ថិភាព មិនមែនត្រឹមតែគ្រួសារមួយទទួលបានសេចក្តីសុខប៉ុណ្ណោះទេ ប្រទេសជាតិទាំងមូល ក៏ទទួលបានអនាគតមួយដ៏ប្រសើរផងដែរ)។ ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកទើបនឹងកើត ដោយមិនត្រឹមតែបង្កើនចំនួនសេវាប៉ុណ្ណោះទេ ថែមទាំងផ្តោតជាពិសេសលើ គុណភា​ព សុវត្ថិភាព និងលទ្ធផលនៃការថែទាំ ដើម្បីឱ្យស្ត្រីនិងទារកទទួលបានការថែទាំប្រកបដោយសេចក្តីថ្លៃថ្នូរ មនុស្សធម៌ និងស្តង់ដាវិជ្ជាជីវៈខ្ពស់។
 
ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលេចថា ក្នុងបរិបទនៃការអភិវឌ្ឍសុខាភិបាលសកល ការវិនិយោគលើសុខភាពមាតា និងទារក ត្រូវបានចាត់ទុកថា ជាការវិនិយោគដែលផ្តល់ផលតបស្នងខ្ពស់បំផុតសម្រាប់សង្គម។ មាតាមានសុខភាពល្អ អាចចិញ្ចឹមបីបាច់កូនបានល្អ ទារកដែលកើតដោយសុវត្ថិភាព មានឱកាសលូតលាស់ និងអភិវឌ្ឍសក្តានុពលបានពេញលេញ។ ដូច្នេះ ការកាត់បន្ថយអត្រាមរណភាពមាតា និងទារក មិនមែនជាសូចនាករវិស័យសុខាភិបាលតែមួយប៉ុណ្ណោះទេ ថែមទាំងជាសូចនាករអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិទាំងមូលផងដែរ។
 
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋកូរ៉េ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (Korea Official Development Assistant-K-ODA) រួមមាន KOFIH និង KOICA បានចូលរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជា និងបានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងថ្នាក់ដឹកនាំខេត្ត មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។
 
ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត លោកប្រធានមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ(KOFIH) ប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំមន្ត្រីសុខាភិបាល អភិបាល អភិបាលរងក្រុង ស្រុក សមាជិកក្រុមប្រឹក្សា មេឃុំ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
 
សូមជម្រាបជូនថា អាគារសម្ភព និងរោគស្ត្រី នេះមានទំហំ ១៥x៥០ម៉ែត្រ កម្ពស់ ០១ជាន់ផ្ទាល់ដី ដំបូលក្បឿង ក្រោមជំនួយរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ចំណាយថវិកាសរុបប្រមាណចំនួន ៣៩៨,៣៩៥.៩៨ ដុល្លារ មិនរួមបញ្ជូលសម្ភារៈបរិក្ខារពេទ្យ។ អគារនេះមានចំនួន ២៨បន្ទប់ បន្ទប់ទឹក១២ ជនពិការចំនួន ០២ វិសាលភាពក្នុងការផ្តល់សេវាសំខាន់ៗដូចជា៖ ១) សម្រាលធម្មជាតិ បូម និងដោយវះកាត់ ២) ការថែទាំព្យាបាលទារកកម្រិតបឋម ៣) ស្រាវជ្រាវមហារីកមាត់ស្បូន ៤) ព្យាបាលរោគស្ត្រី ៥) ចាក់វាក់សាំង ៦) ពន្យាកំណើត ៧) អេកូសាស្រ្ត និង៨) ពិនិត្យផ្ទៃពោះមុន-ក្រោយសម្រាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image