ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល សហការជាមួយទីភ្នាក់ងារលុចសំបួសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (LuxDev, Luxembourg Development Cooperation Agency) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំកម្មវិធីគម្រោង KHM003 «ពង្រឹងសេវាសុខភាពសាធារណៈ និងសេវាមន្ទីរពេទ្យនៅភាគឦសាននៃប្រទេសកម្ពុជា» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ពិធីបើកសិក្ខាសាលាប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីគ្រប់ភាគី ដៃគូពាក់ព័ន្ធ អគ្គនាយកបច្ចេកទេសសុខាភិបាល លោក លោកស្រី តំណាងអង្គភាពនៃទីស្តីការក្រសួងសុខាភិបាល សាកលវិទ្យាល័យ មជ្ឍមណ្ឌលជាតិ រដ្ឋបាលខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ។
សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបឋមនៃការសិក្សា ពិភាក្សាលើក្របខណ្ឌកម្មវិធី ទិសដៅយុទ្ធសាស្ត្រ ការអន្តរាគមន៍ និងយន្តការអនុវត្តកម្មវិធី KHM003 ដើម្បីធានាថា ឯកសារកម្មវិធីចុងក្រោយមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាក់ស្តែង អាចអនុវត្តបានប្រកបដោយចីរភាព។
ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី ក្នុងនាមក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនលុចសំបួ តាមរយៈ LuxDev រួមទាំងក្រុមការងាររៀបចំកម្មវិធី រដ្ឋបាលខេត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃ ចូលរួមចំណែកលើកកម្ពស់សេវាសុខាភិបាល ដែលប្រកបដោយគុណភាព សុវត្ថិភាព សមធម៌ និងសំដៅមិនទុកបុគ្គលណាម្នាក់ចោល។
គម្រោងនេះផ្តោតជាបឋមលើខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ក្នុងគោលដៅពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម និងវិស័យអាទិភាពដែលត្រូវបានលើកយកមកពិភាក្សា រួមមាន ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការបំពាក់សម្ភារៈបរិក្ខារពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល សុខភាពបន្តពូជ មាតា ទារក និងកុមារ ការបញ្ចូលឈាម ការថែទាំសុខភាពបឋម គុណភាពសេវា និងការពង្រឹងសមត្ថភាពស្ថាប័ន។ អង្គសិក្ខាសាលាក៏បានផ្តល់មតិយោបល់គន្លឺះ និងអនុសាសន៍សំខាន់ៗ ដើម្បីឱ្យកម្មវិធីឆ្លើយតបទៅនឹងអាទិភាពជាតិ និងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។
ក្នុងពិធីបូកសរុបបឋម ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងការផ្តល់ធាតុចូលប្រកបដោយស្ថាបនារបស់គ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលក្នុងការផ្តល់ការណែនាំគោលនយោបាយ ភាពជាអ្នកដឹកនាំផ្នែកបច្ចេកទេស និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ក្នុងដំណើរការរៀបចំ និងអនុវត្តកម្មវិធីនេះ។