ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីពិនិត្យវឌ្ឍនភាព នៃការបម្រើសេវាពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ និងចំណូល ចំណាយប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ លើកទី៥ អាណត្តិទី២។
ក្នុងឱកាសប្រជុំក្រុមប្រឹក្សាភិបាល លោកជំទាវសាស្ត្រាចារ្យ បានមានមតិស្វាគមន៍ដល់ ឯកឧត្តម លោក លោកស្រី ដែលមានវត្តមានក្នុងអង្គប្រជុំ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និងបុគ្គលិកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សម្រេចបានជាលទ្ធផលល្អប្រសើរ ធ្វើឱ្យចំនួនអតិថិជន ដែលមកទទួលសេវាពិនិត្យ និងព្យាបាលមានការកើនឡើងជាលំដាប់។
លោកជំទាវសាស្ត្រាចារ្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលត្រូវពង្រឹង និងបន្តរៀបចំវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពរបស់បុគ្គលិក ទាំងបច្ចេកទេសព្យាបាល ទាំងឥរិយាបថថ្លៃថ្នូរ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនវានុវត្តន៍។