Cambodia
ព័ត៌មានលំអិត

Image
យុទ្ធនាការចុះពង្រឹងសមត្ថភាព និងពិនិត្យការត្រៀមលក្ខណៈឆ្លើយតបនឹងជំងឺគ្រុនឈាម។

ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៦

ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ទី០៣ និងអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ ប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងឯកឧត្ដមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលគ្លីនិកស្តីពីការថែទាំ និងព្យាបាលជំងឺគ្រុនឈាម ជូនដល់បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តកំពង់ចាម។

វគ្គបណ្តុះបណ្តាល​នេះ សម្របសម្រួលដោយក្រុមគ្រូបង្គោលជំនាញមកពី មន្ទីរពេទ្យកុមារជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងពង្រឹងការអនុវត្តស្តង់ដាព្យាបាលដល់គ្រូពេទ្យជួរមុខ សំដៅធានាថាប្រជាពលរដ្ឋទទួលបាននូវសេវាថែទាំ ប្រកបដោយគុណភាពខ្ពស់ និងដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយកង្វះខាតសេវាសុខាភិបាលនោះទេ។

បន្ថែមពីនេះ ឯកឧត្តមវេជ្ជបណ្ឌិត និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យស្ថានភាពជាក់ស្តែង និងវាយតម្លៃការត្រៀមលក្ខណៈឆ្លើយតប របស់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ ទៀត រួមមាន៖ ១)មន្ទីរពេទ្យបង្អែកកោះសូទិន ២)មន្ទីរពេទ្យបង្អែកចំការលើ ៣)មន្ទីរពេទ្យបង្អែកព្រៃឈរ និង៤)មន្ទីរពេទ្យបង្អែកបាធាយ។

ក្នុងឱកាសនៃការចុះពិនិត្យនេះ ឯកឧត្តមថ្នាក់ដឹកនាំ បាននាំយកការផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពីឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់បុគ្គលិកសុខាភិបាឡ និងអ្នកជំងឺ ព្រមទាំងបានពិនិត្យមើល ​លើការរៀបចំសម្ភារៈបរិក្ខារ ឱសថ សេរ៉ូម និងការរៀបចំគ្រែសម្រាប់អ្នកជំងឺ ដើម្បីធានាថាមូលដ្ឋានសុខាភិបាលនីមួយៗ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសង្គ្រោះអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំផ្តល់សេវាសាធារណៈឱ្យកៀកជាប់នឹងប្រជាជន។

ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានកោតសរសើរដល់ការលះបង់របស់គ្រូពេទ្យទាំងអស់ និងបានក្រើនរំលឹកឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ តាមដានរាល់ករណីសង្ស័យ ព្រមទាំងសម្រួលការបញ្ជូនអ្នកជំងឺ ពីមូលដ្ឋានឯកជន មកកាន់មន្ទីរពេទ្យរដ្ឋ ឱ្យបានលឿនបំផុត ដើម្បីការពារអាយុជីវិតពលរដ្ឋ។

នាឱកាសសួរសុខទុក្ខអ្នកជំងឺក្នុងមន្ទីរពេទ្យ ឯកឧត្តមបានអប់រំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមលុបបំបាត់ជម្រកមូស តាមរយៈការកម្ទេចវត្ថុដក់ទឹកនៅជុំវិញផ្ទះ។ ជាការក្រើនរំលឹកបន្ថែម ប្រសិនបើមានសមាជិកគ្រួសារក្តៅខ្លួនខ្លាំង សូមប្រញាប់នាំអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត និងហាមដាច់ខាត ការទិញថ្នាំបញ្ចុះកម្តៅលេបដោយខ្លួនឯង ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image