ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៦
ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង៖ ថ្ងៃអង្គារ ទី៤ ដល់ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល អមដំណើរដោយឯកឧត្តមវេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល រូមជាមួយឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្វាយរៀង ព្រមទាំងមានការចូលរួម ពីលោកស្រីវេជ្ជបណ្ឌិត លី ណារ៉េត តំណាងធនាគារពិភពលោក បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យដំណើរការនៃការចាប់ផ្តើមអនុវត្តកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV តាមរយៈការយកសំណាកដោយខ្លួនឯង (HPV Self-Sampling) លើស្ត្រីអាយុពី ៣០ ដល់ ៤៩ ឆ្នាំ នៅខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីមន្ត្រីសុខាភិបាលពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន។
ការចុះអភិបាលនេះ មានគោលបំណងពង្រឹងគុណភាពនៃការអនុវត្តកម្មវិធីនៅថ្នាក់មូលដ្ឋាន តាមដានវឌ្ឍនភាព ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងជំរុញការផ្តល់សេវាពិនិត្យស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយអត្រាឈឺ និងមរណភាពដោយសារជំងឺមហារីកមាត់ស្បូន តាមរយៈការរកឃើញ និងព្យាបាលបានទាន់ពេលវេលា។
ក្នុងឱកាសនេះ ក្រុមការងារបានចុះពិនិត្យដោយផ្ទាល់នូវដំណើរការផ្តល់សេវា ការប្រឹក្សាសុខភាព ការយកសំណាកដោយខ្លួនឯង ការគ្រប់គ្រងសំណាក ការកត់ត្រាទិន្នន័យក្នុងប្រពន្ធ័ EMR និងការរៀបចំប្រព័ន្ធបញ្ជូនសំណាកប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារបច្ចេកទេស។
កម្មវិធីនេះបានអនុវត្តនៅ ភូមិរើងពើង ភូមិឡ និងភូមិទំពូង ក្នុងខេត្តកំពង់ស្ពឺ ភូមិឈើទាល និងភូមិវាលយន្ត ក្នុងខេត្តស្វាយរៀង ដោយមន្ត្រីសុខាភិបាលនៃមណ្ឌលសុខភាព និងស្រុកប្រតិបត្តិ ដែលបានទទួលការបណ្តុះបណ្តាលជំនាញពីគ្រូបង្គោលថ្នាក់ជាតិ។
ក្នុងឱកាសនោះ លោកជំទាវសាស្ត្រាចារ្យ បានថ្លែងការកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ និងដៃគូអភិវឌ្ឍន៍ ដែលបានសហការអនុវត្តកម្មវិធីប្រកបដោយការទទួលខុសត្រូវខ្ពស់។ បន្ថែមពីនេះ លោកជំទាវ បានណែនាំឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការផ្សព្វផ្សាយ និងណែនាមស្ត្រីគោលដៅឱ្យមកទទួលសេវាពិនិត្យស្រាវជ្រាវឱ្យបានកាន់តែច្រើន ព្រមទាំងផ្តល់ការតាមដាន ការបញ្ជូន និងការព្យាបាលស្ត្រីដែលមានវិជ្ជមានឱ្យបានទាន់ពេលវេលា។