ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី ចំនួន ៤ ០០១ អង្គ/នាក់ និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុបជាង ៧ម៉ឺន៤ពាន់នាក់ ក្នុងនោះនិស្សិតបរទេសមានចំនួន ២៦៨នាក់ ផងដែរ។ និស្សិតជ័យលាភីទាំងនោះកំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។
សមិទ្ធផលទាំងនេះ គឺជាផ្លែផ្កាដ៏មានតម្លៃ ដែលកើតចេញពីការយកចិត្តទុកដាក់ និងការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពឧត្តមសិក្សា។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធអប់រំ ការពង្រីកឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។