ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀល ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។
សូមជម្រាបថា កម្មវិធីផ្ដល់អាហារតាមសាលារៀននៅកម្ពុជា ត្រូវបានចាប់ផ្ដើមអនុវត្តដំបូងឡើយក្រោមរូបភាពជាជំនួយ និងការឧបត្ថម្ភគាំទ្របច្ចេកទេស-ហិរញ្ញវត្ថុពី កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីជួយកាត់បន្ថយការបោះបង់ការសិក្សា លើកកម្ពស់អត្រាចុះឈ្មោះចូលរៀន និងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ។ ដោយមើលឃើញពីសារៈសំខាន់នៃកម្មវិធីនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្លាស់ប្ដូរទម្រង់ប្រតិបត្តិការជាលក្ខណៈយុទ្ធសាស្ត្រ ទៅជា «កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍»។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាគាំពារសង្គម ក្រុមការងារបច្ចេកទេសកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងភាគីពាក់ព័ន្ធ។