ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៦
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិភាក្សាលើគោលការណ៍ណែនាំស្តីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម របស់ក្រសួង ស្ថាប័ន
កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង ស្ថាប័ន និងមន្រ្តីជំនាញការងារនីតិកម្មជាច្រើនរូប។
អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុសលើគោលការណ៍ និងវិសាលភាព ក្នុងការកំណត់ប្រភេទប្រកាសណាដែលត្រូវឆ្លងកាត់ការពិនិត្យនីត្យានុកូលភាព ចៀសវាងការអនុវត្តដោយភាពស្រពេចស្រពិល។ ជារួម អង្គប្រជុំបានកុងសង់ស៊ីសលើការរៀបចំគោលការណ៍ណែនាំ ក្នុងការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម របស់ក្រសួង ស្ថាប័ន ដោយត្រូវផ្អែកលើទិដ្ឋភាពសំខាន់ៗចំនួន៣៖ នីត្យានុកូលភាព ភាពចាំបាច់ និងការគិតគូរថ្លឹងថ្លែងផលប៉ះពាល់ដល់ជីវភាពប្រជាជន និងធុរកិច្ច ជាពិសេសការកំណត់វិសាលភាពអនុវត្តចំពោះប្រភេទប្រកាសដែលទាក់ទងនឹងការវិនិយោគ អាជីវកម្ម និងសេវាសាធារណៈ គឺជាបញ្ហាគន្លឹះក្នុងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជននិងធុរកិច្ច ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ ហើយក៏បញ្ហាដែលប្រជាជនលើកឡើងពីក្តីបារម្ភលើបន្ទុកធុរកិច្ចផងដែរ។
រាជធានីភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦