ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប (debriefing session) បេសកកម្មរៀបចំ «កម្មវិធីគម្រោងអភិវឌ្ឍន៍សុខាភិបាលនៅភាគឦសាន» ដោយមានការចូលរួមពី ឯកឧត្តម Thomas Lammar ភារធារីនៃស្ថានទូតលុចសំបួ ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា លោកស្រី Cynthia Rutare តំណាងទីភ្នាក់ងារលុចសំបួ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (LuxDev, Luxembourg Development Cooperation Agency) ប្រចាំប្រទេសកម្ពុជា ក្រុមបេសកកម្មរៀបចំគម្រោង ព្រមទាំង អគ្គនាយកបច្ចេកទេសសុខាភិបាល លោក លោកស្រី តំណាងអង្គភាពនៃទីស្តីការក្រសួងសុខាភិបាល សាកលវិទ្យាល័យ មជ្ឍមណ្ឌលជាតិ រដ្ឋបាលខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ។
កិច្ចប្រជុំបានពិនិត្យលើដំណើរការបេសកកម្មរៀបចំកម្មវិធី និងក្របខណ្ឌគម្រោងបឋម ព្រមទាំងបើកវេទិកាសំណួរ-ចម្លើយ និងការផ្តល់មតិយោបល់ពី LuxDev និងភាគីពាក់ព័ន្ធ លើការរៀបចំគម្រោងអភិវឌ្ឍន៍ «ពង្រឹងសុខភាពសាធារណៈ និងសេវាមន្ទីរពេទ្យនៅភាគឦសាន នៃប្រទេសកម្ពុជា» ដែលមានគោលដៅរួមចំណែកពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម ឱ្យមានសមធម៌ ភាពធន់ និងផ្តោតលើប្រជាជន ដោយផ្តោតជាដំបូងលើខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
ដំណើរការរៀបចំកម្មវិធីបានផ្អែកលើការពិគ្រោះយោបល់ និងការវាយតម្លៃជាមួយរដ្ឋបាលខេត្ត មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា អន្តរាគមន៍ដែលនឹងត្រូវរៀបចំ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន និងស្របតាមអាទិភាពរបស់វិស័យសុខាភិបាលកម្ពុជា។
ក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលលុចសំបួ ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការពាំនាំគម្រោងអភិវឌ្ឍន៍ ដោយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ LuxDev និងក្រុមបេសកកម្មរៀបចំកម្មវិធី ផ្តល់ជូនមកប្រជាជនកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបន្តកែលម្អក្របខណ្ឌកម្មវិធី ឱ្យមានភាពច្បាស់លាស់ អាចអនុវត្តបាន និងមានចីរភាព ព្រមទាំងស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រជាតិវិស័យសុខាភិបាល។ គ្រប់កម្រិតដឹកនាំ នៃក្រសួងសុខាភិបាល មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូនទស្សនៈវិស័យ នៃការដឹកនាំផ្នែកគោលនយោបាយ ការណែនាំបច្ចេកទេស និងការសម្របសម្រួលជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការបញ្ចប់ឯកសារកម្មវិធី ខាងលើ និងត្រៀមឈានទៅការអនុវត្តប្រកបដោយប្រសិទ្ធភាព និងចីរភាព។