ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៦
ខេត្តស្វាយរៀង៖ ថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម របស់ក្រសួងសុខាភិបាលតាមបណ្តារាជធានី ខេត្ត ដឹកនាំដោយ ឯកឧត្ដមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម» ជូនដល់បុគ្គលិកសុខាភិបាលក្នុងខេត្តស្វាយរៀង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងធ្វើវិក្រឹតការ ចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេស ព្រមទាំងវិធានការព្យាបាលថ្មីៗ ដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាម បានឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់គុណភាពសេវាថែទាំ និងសុវត្ថិភាពអ្នកជំងឺ។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តស្វាយរៀង ក្រុមការងារគ្រូបង្គោលមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យខេត្តស្វាយរៀង និងមន្ត្រីសុខាភិបាលពាក់ព័ន្ធ មកពីមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ទាំងការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីសាស្ត្រាចារ្យ ដែលជាអ្នកឯកទេសជំងឺគ្រុនឈាម ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ឱ្យក្លាយជាគ្រូបង្គោលប្រចាំមន្ទីរពេទ្យ រួចធ្វើការបណ្តុះបណ្តាលបន្តជូនដល់សហការីជាគ្រូពេទ្យ និងគិលានុបដ្ឋាកក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
បន្ទាប់ពីពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូអមដំណើរ បានអញ្ជើញចុះអភិបាល និងពិនិត្យមើលការថែទាំ ព្រមទាំងការព្យាបាលអ្នកជំងឺគ្រុនឈាមជាក់ស្តែងនៅ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមន្ទីរពេទ្យបង្អែករមាសហែក។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយ លោកអភិបាល នៃគណៈអភិបាលស្រុករំដួល លោកអភិបាល នៃគណៈអភិបាលស្រុករមាសហែក លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែក និងតំណាងការិយាល័យស្រុកប្រតិបត្តិពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំពិភាក្សានោះ បានផ្តោតសំខាន់លើការងារអាទិភាពមួយចំនួន រួមមាន៖
១.ការពង្រឹងវិធានការគ្រប់គ្រង និងបំបាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម
២.ការរៀបចំ និងបែងចែកអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (ជាពិសេសជំងឺគ្រុនឈាមដែលកំពុងមានការកើនឡើង) ឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាព
៣.ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់ឱ្យបានទាន់ពេលវេលា
៤.ការកើនឡើងនូវកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីបង្កើនការផ្សព្វផ្សាយ និងអប់រំសុខភាពស្តីពី វិធីសាស្ត្របង្ការជំងឺគ្រុនឈាមជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយ។
គូសបញ្ជាក់ផងដែរថា បេសកកម្មចុះពិនិត្យ និងតាមដានវឌ្ឍនភាពខាងលើនេះ មានការចូលរួមអមដំណើរដោយ លោកវេជ្ជបណ្ឌិត ថោង អ៊ុសុធា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុករំដួល លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក និងមន្ត្រីសុខាភិបាលពាក់ព័ន្ធជាច្រើនរូបទៀត ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។