Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកណ្ដាល។

ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៦

ខេត្តកណ្ដាល៖ ថ្ងៃសុក្រ ទី៧ ខែកក្កដា  ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកអង្គស្នួល ជុំទី៤ ឆ្នាំ២០២៦។

គោលបំណងបេសកកម្មផ្តោតសំខាន់លើការងាររួមមាន៖ (១)ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រងរដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែក គ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង(៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។

ជាមួយគ្នានោះដែរ ក្រុមការងារចុះពង្រឹងគុណភាពសេវាតាមមន្ទីរពេទ្យបង្អែកបានធ្វើការណែនាំលម្អិត ពីការព្យាបាល និងថែទាំជម្ងឺគ្រុនឈាម និងជម្រុញឱ្យបង្កើនការយកចិត្តទុកដាក់ តាមរយៈគ្រប់ចំណុចសំខាន់ៗ៖
-ចាប់ពីពេលទទួលអ្នកជម្ងឺឱ្យចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
-អំឡុងពេលដែលអ្នកជម្ងឺសម្រាកព្យាបាល
-ពេលវេលាដែលអ្នកជម្ងឺចាកចេញពីមន្ទីរពេទ្យ។
ដោយផ្ដោតសំខាន់លើចំណុច ដែលអាចពាក់ព័ន្ធនឹងសភាពធ្ងន់ឬស្រាល របស់អ្នកជម្ងឺ ហើយនឹងអ្វីដែលត្រូវពង្រឹងក្នុងការព្យាបាល ក្នុងការថែទាំ និងការតាមដាន ដើម្បីធានាបានថាអ្នកជម្ងឺបានទទួលការព្យាបាលត្រឹមត្រូវ ពាក់ព័ន្ធជាមួយនឹងជម្ងឺដែលត្រូវបញ្ជូន និងជម្ងឺដែលអាចត្រឡប់ទៅផ្ទះបាន។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកអង្គស្នួល ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image