ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៦
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ មណ្ឌលសុខភាព ម៉ាឡៃ និងសម្ធិផលនានា នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ណម សារឿត តំណាងទីប្រឹក្សាគ្រប់គ្រងគម្រោង និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត លោក-លោកស្រីភ្ញៀវជាតិ-អន្តរជាតិ អភិបាល-អភិបាលរងក្រុង-ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បុគ្គលិកមណ្ឌលសុខភាព មេឃុំ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួនប្រមាណជាង ៦១៦រូប។
សូមជម្រាបជូនថា សមិទ្ធផលនៅក្រោមគម្រោងការសាងសង់ភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ មានការឧបត្ថម្ភគាំទ្រដោយអង្គការ KOICA សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទរូមមានការសាងសង់មណ្ឌលសុខភាពម៉ាឡៃថ្មីនេះ អស់ថវិកាសរុប ៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក មានទំហំ ៦០ x ៣០,៦៨ ម៉ែត្រ និងសាងសង់បន្ថែមនូវអណ្ដូងទឹក និងម៉ូទ័រ អស់ថវិកា ២៨១,៦៣ដុល្លារសហរដ្ឋអាមេរិក ស្ថានីយ៍ចម្រោះទឹកផឹក អស់ថវិកាប្រមាណចំនួន ៦៦៥៤ដុល្លារសហរដ្ឋអាមេរិក ឡដុតសម្រាម អស់ថវិកាប្រមាណ ៨០៦.៧៥ដុល្លារសហរដ្ឋអាមេរិក បន្ទប់ទឹកបង្គន់ អស់ថវិកាប្រមាណ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក បំពាក់ស៊ីទែនទឹកមួយម៉ឺនលីត្រ ចំណាយថវិកា ៩០០ដុល្លារសហរដ្ឋអាមេរិក កន្លែងលាងដៃនៅមុខមណ្ឌលសុខភាព អស់ថវិកាប្រមាណ ៧៧៨ដុល្លារសហរដ្ឋអាមេរិក និងការចូលរួមវិភាគទានពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ សប្បុរសជន និងមណ្ឌលសុខភាព បានកសាងរបងថ្ម និងរៀបចំទីធ្លាមណ្ឌលសុខភាពចំណាយអស់ថវិកាចំនួន៧៧៧៥ដុល្លារសហរដ្ឋអាមេរិក ។