Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យករណីមរណភាពមាតា រវាងគណៈកម្មការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប (MPDSR) នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គណៈកម្មការ MPDSR ថ្នាក់ជាតិនៃមន្ទីរពេទ្យជាតិទាំង៨ និងគណកម្មការ MPDSR នៃមន្ទីរសុខាភិបាលសម្ព័ន្ធមេត្រីភាព។

ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការសិក្សាស្វែងយល់លើករណីមរណភាពមាតា របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបញ្ជូនពីមន្ទីរពេទ្យច្បារអំពៅជាមួយគណៈកម្មការថ្នាក់ជាតិ មន្ទីរពេទ្យជាតិទាំង៨ និងមន្ទីរសុខាភិបាលខេត្តសម្ព័ន្ធមេត្រីភាព។

ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានរំលឹកឡើងវិញនូវក្រមសីលធ៌ម សម្រាប់ប្រជុំរបស់គណៈកម្មការ MPDSR ដោយសង្កត់ធ្វន់លើ វប្បធម៌នៃការមិនស្តីបន្ទោស (No Blame Culture) ប៉ុន្តែប្រកាន់ខ្ជាប់នូវការទទួល ខុសត្រូវខ្ពស់ និងមានគណនេយ្យភាព (Accountability)។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីស្វែងរកមូលហេតុ នៃករណីមរណភាពមាតា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវ សេវាសុខភាពមាតា និងទារកជុំវិញកំណើត ដែលមានការចូលរួមពីគណកម្មការ MPDSR រួមនឹងគណៈកម្មការមន្ទីរពេទ្យជាតិទាំង៨ ទៀត និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីទាំង៣ របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តាមរយៈការពិភាក្សារួមគ្នាលើរបាយការណ៍ទម្រង់ការយឺតយ៉ាវទាំង៣ (3 Delays) អង្គប្រជុំក៏បានរកឃើញនូវចំនុចដែលអនុវត្តបានល្អ និងរកឃើញនូវចំណុចមួយចំនួនទៀតដែលត្រូវធ្វើការកែលម្អ ដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តការងារ សម្រាប់ជួយជីវិតមាតា តាមរយៈការរៀបចំធ្វើផែនការឆ្លើយតបបានត្រឹមត្រូវ និងទាន់ពេលវេលា។

លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបន្តក្រើនរំលឹកពីសារៈសំខាន់ នៃការងារពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ដែលជាការងារគន្លឹះ និងជាអាទិភាពចម្បង របស់ក្រសួងសុខាភិបាល និងបានផ្តល់ជូននូវអនុសាសន៍គន្លឹះរួមមាន៖ (១)តាមរយៈការងារដ៏មានតម្លៃនេះ យើងបានបង្កើតឱ្យមាន Color coding សម្រាប់ការដាក់ចំណាត់ថ្នាក់ស្ត្រីផ្ទៃពោះ ដែលមានហានិភ័យក្នុងពេល ពិនិត្យ ANC ហើយត្រូវទំនាក់ទំនងជាមួយគាត់ជាប្រចាំ ដើម្បីធ្វើការថែទាំគ្រប់ជ្រុងជ្រោយដល់ពួកគាត់ (២)សូមឱ្យមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ ជួយរំលឹកដល់មន្ទីរសុខាភិបាលសម្ព័ន្ធមេត្រី ត្រូវពន្លឿនការអនុវត្តន៍ Color coding នេះ ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល (៣)មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យកម្រិត៣ និងមន្ទីរពេទ្យកម្រិត២ ត្រូវមានកន្លែងទទួលគភ៌ហានិភ័យ និងមានកន្លែងសង្គ្រោះទារក (៤)មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យ CPA3 ត្រូវមានក្រុម Pole Mere Enfant ដើម្បីត្រៀមជួយគាំទ្រសុខភាពមាតា និងទារក (៥)គ្រប់មន្ទីរពេទ្យគួរមានឧបករណ៍ Light Assessment Tool (LAT) សម្រាប់វាយតម្លៃធនធានមនុស្ស សម្ភារ បរិក្ខារនៅតាមកន្លែងនីមួយៗ។

កិច្ចប្រជុំនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី ជាគណៈកម្មការពិនិត្យ មរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ គណៈកម្មការថ្នាក់មន្ទីរពេទ្យជាតិ គណៈកម្មការ MPDSR ខេត្ត តាមរយៈប្រព័ន្ធនិម្មិត សរុបចំនួន ១០៨រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image