Cambodia
ព័ត៌មានលំអិត

Image
វគ្គផ្សព្វផ្សាយស្តីពី "ច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យ" និង ពិធីបើកវគ្គ "បណ្តុះបណ្តាលគ្រូ ស្តីពី «MEDPro: Medical Ethics, Deontology and Professionalism" នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឍលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងវគ្គផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យ» និង ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូ ស្តីពី «MEDPro៖ Medical Ethics, Deontology and Professionalism នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

ពិធីនេះក៏មានវត្តមាន ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ជាសាស្ត្រាចារ្យផ្នែកសីលធម៌វេជ្ជសាស្ត្រ និងជាសាស្ត្រាចារ្យផ្នែកបញ្ញាសិប្បនិម្មិត និងមនុស្សសាស្ត្រ នៅសាកលវិទ្យាល័យខេមតិច បានអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ «អនាគតវេជ្ជសាស្ត្រក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI): ហេតុអ្វីបានជាសីលធម៌ កាតព្វកិច្ចវិជ្ជាជីវៈ និងវិជ្ជាជីវៈនិយម កាន់តែមានសារៈសំខាន់ជាងពេលណាទាំងអស់»។

ឯកឧត្តមសាស្ត្រាចារ្យបានលើកឡើងថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូររបៀបរៀន របៀបបង្រៀន និងការអនុវត្តវេជ្ជសាស្ត្រយ៉ាងជ្រាលជ្រៅ។ ទោះជាយ៉ាងណា AI គឺជាឧបករណ៍ជំនួយដ៏មានសក្តានុពលសម្រាប់បុគ្គលិកសុខាភិបាល ប៉ុន្តែមិនអាចជំនួសការវិនិច្ឆ័យវិជ្ជាជីវៈ ការសម្រេចចិត្តប្រកបដោយសីលធម៌ និងទំនាក់ទំនងមនុស្សធម៌រវាងគ្រូពេទ្យ និងអ្នកជំងឺបានឡើយ។ ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ថា អនាគតនៃវិស័យសុខាភិបាល ត្រូវការវេជ្ជបណ្ឌិតដែលមិនត្រឹមតែមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគ្រឹះរឹងមាំលើ ក្រមសីលធម៌វេជ្ជសាស្ត្រ (Medical Ethics) ច្បាប់វេជ្ជសាស្ត្រ (Deontology) និង វិជ្ជាជីវៈ (Professionalism) ដើម្បីធានាថាការប្រើប្រាស់ AI ស្របតាមគុណតម្លៃវិជ្ជាជីវៈ ការគោរពសិទ្ធិអ្នកជំងឺ និងការរក្សាទំនុកចិត្តរបស់សាធារណជន។

ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យក៏បានអំពាវនាវឱ្យគ្រឹះស្ថានអប់រំវិជ្ជាជីវៈសុខាភិបាល បន្តអភិវឌ្ឍកម្មវិធីសិក្សាដែលរួមបញ្ចូលចំណេះដឹងអំពី AI គួបផ្សំជាមួយការពង្រឹងសីលធម៌ និងវិជ្ជាជីវៈ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាព ទំនួលខុសត្រូវ និងត្រៀមខ្លួនសម្រាប់អនាគតនៃការថែទាំសុខភាព។

ឯកឧត្តមសាស្ត្រាចារ្យបានអំពាវនាវឱ្យគ្រឹះស្ថានអប់រំវិជ្ជាជីវៈសុខាភិបាល បន្តអភិវឌ្ឍកម្មវិធីសិក្សាដែលបញ្ចូលចំណេះដឹងអំពី ពីការប្រេីប្រាស់ AI ដោយការទទួលខុសត្រូវ រួមផ្សំជាមួយការពង្រឹងសីលធម៌ និងវិជ្ជាជីវៈ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាព ទំនួលខុសត្រូវខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគតនៃការថែទាំសុខភាព។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការក្រសួង បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានរៀបចំបញ្ចូលកម្មវិធីសិក្សា MEDPro ដ៏មានសារៈសំខាន់ និងការផ្សព្វផ្សាយរំលឹកច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យ នាពេលនេះ។ កម្មវិធីនេះមិនត្រឹមតែជាវេទិកាសម្រាប់ផ្សព្វផ្សាយច្បាប់ និងគោលការណ៍វិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគដ៏មានតម្លៃលើការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាល ឱ្យមានសមត្ថភាព ប្រកបដោយសុចរិតភាព វិន័យវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និង អនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងអភិបាលកិច្ចវិស័យសុខាភិបាល និងការកសាងប្រព័ន្ធនិយ័តកម្មវិជ្ជាជីវៈឱ្យកាន់តែរឹងមាំ។
ច្បាប់ និងអនុក្រឹត្យទាំងនេះ មិនមែនជាឧបករណ៍សម្រាប់ដាក់ទណ្ឌកម្មនោះទេ ផ្ទុយទៅវិញវាជាគ្រឹះសម្រាប់កសាងប្រព័ន្ធវិជ្ជាជីវៈដែលមានស្តង់ដារ តម្លាភាព គណនេយ្យភាពនិងទំនុកចិត្តពីសាធារណៈជន។

គោលបំណងសំខាន់រួមរបស់យើងគឺ៖
-ធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមានសមត្ថភាពស្របតាមស្តង់ដារ និងមានអាជ្ញាបណ្ណត្រឹមត្រូវ។
-លើកកម្ពស់ការអនុវត្តវិជ្ជាជីវៈប្រកបដោយសីលធម៌ វិជ្ជាជីវៈនិយម និងការទទួលខុសត្រូវ។
-ការពារសិទ្ធិ និងសុវត្ថិភាពអ្នកជំងឺ។
-ពង្រឹងគណនេយ្យភាព និងទំនុកចិត្តរវាងអ្នកផ្តល់សេវា និងសាធារណៈជន។
-លើកកម្ពស់កិត្តិយស និងភាពថ្លៃថ្នូររបស់វិជ្ជាជីវៈសុខាភិបាល។

ក្នុងអង្គពិធីនេះដែរ ឯកឧត្តម ម៉ឹង វណ្ណារុំ អគ្គលេខាធិការ ក.គ.ជ បានធ្វើបទបង្ហាញអំពីច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដោយផ្តោតលើលក្ខខណ្ឌតម្រូវ, ទណ្ឌកម្មខាងវិន័យ, ទោសប្បញ្ញត្តិ និងការដោះស្រាយបណ្ដឹង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

រូបភាព Gallery
1 / 1
Gallery image