ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៦
ខេត្តរតនៈគិរី និងមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានចុះអភិបាលការងារគ្រប់គ្រងឱសថ នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2) មន្ទីរពេទ្យខេត្តកម្រិត (CPA3) និងមណ្ឌលសុខភាព ដោយពិនិត្យមើលការងារគ្រប់គ្រងទាំងមូល។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១)ការងារគ្រប់គ្រងមណ្ឌលសុខភាព
២)ការងារពង្រឹងគុណភាពការផ្ដល់សេវាសុខាភិបាល ក្នុងមណ្ឌលសុខភាព
៣)អនាម័យក្នុងបរិវេណមណ្ឌលសុខភាព
៤)អនាម័យក្នុង និងក្រៅឃ្លាំងឱសថ
៥)ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
៦)ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៧)ការងារគ្រប់គ្រងឱសថញៀន នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យខេត្ត(CPA3)
៨)ការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យខេត្តកម្រិត(CPA3)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ បានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរគោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យដែលចុះអភិបាលមាន៖
-ខេត្តរតនៈគិរី
១.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកកូនមុំ(CPA1)
២.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកបរកែវ(CPA2)
៣.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យខេត្តរតនៈគិរី(CPA3)។
-ខេត្តមណ្ឌលគិរី
១.មណ្ឌលសុខភាពពូជ្រៃ
២.មណ្ឌលសុខភាពកោះញែក
៣.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកកោះញែក(CPA1)
៤.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យខេត្តមណ្ឌលគិរី(CPA2)។