ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦
ខេត្តក្រចេះ៖ ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម» ជូនដល់បុគ្គលិកសុខាភិបាលក្នុងខេត្តក្រចេះ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងធ្វើបច្ចុប្បន្នភាពចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រុនឈាមឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍ដល់សិក្ខាកាម ឱ្យយកចិត្តទុកដាក់សិក្សាពីអ្នកជំនាញ ដើម្បីពង្រឹងសមត្ថភាព និងក្លាយជាគ្រូបង្គោលប្រចាំមន្ទីរពេទ្យ សម្រាប់បន្តចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សហការី។
បន្ទាប់ពីពិធីបើកវគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំបានអញ្ជើញចុះអភិបាល និងពិនិត្យការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយផ្តោតលើ៖
-ការគ្រប់គ្រង និងបែងចែកអ្នកជំងឺឱ្យសមស្របតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាព។
-ការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលមានកម្រិតសមត្ថភាពខ្ពស់ជាង ឱ្យបានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។
-ការផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ និងការចូលរួមលុបបំបាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។