Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិគ្រោះយោបល់លើនីតិវិធីប្រតិបត្តិស្តង់ដា ក្រុមវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់កម្ពុជា សម្រាប់ឆ្លើយតបពេលមានគ្រោះមហន្តរាយទ្រង់ទ្រាយធំ Cambodia Emergency Medical Team (Cam-EMT)
ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លើនីតិវិធីប្រតិបត្តិ ស្តង់ដាសម្រាប់ក្រុមវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់កម្ពុជា។

កិច្ចប្រជុំពិគ្រោះយោបល់នេះមានគោលបំណងដើម្បីពិនិត្យ កែលម្អសេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដាក្រុមវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់កម្ពុជា ដើម្បីឆ្លើយតបពេលមានគ្រោះមហន្តរាយទ្រង់ទ្រាយធំ។ 

នៅក្នុងពិធីបើកកិច្ចប្រជុំឯកឧត្តមប្រធានបានមានប្រសាសន៍ថ្លែងអំណរគុណដល់នាយកដ្ឋានពាក់ព័ន្ធ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អង្គការសុខភាពពិភពលោក ដែលបានចំណាយពេលវេលាមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ។ បន្ទាប់មកឯកឧត្តមប្រធាន​ក៏បានណែនាំដល់ក្រុមការងារបែងចែកជាក្រុមតូចៗពិគ្រោះយោបល់ ព្រមទាំងស្នើសុំមតិយោបល់ពីតំណាង មន្ទីរពេទ្យជាតិ និងអង្គការដៃគូរនូវបទពិសោធន៍ល្អៗពីបណ្តាប្រទេសជឿនលឿន ដែលជាធាតុចូល ដើម្បីកែសម្រួលលើឯកសារនីតិវិធីស្តង់ដា ក្រុមវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់កម្ពុជា ឱ្យកាន់តែមានភាពល្អស្របតាមបរិបទនាពេលបច្ចុប្បន្ន និងអាចអនុវត្តបានដោយមានប្រសិទ្ធភាពខ្ពស់ក្នុងការសង្គ្រោះជីវិតប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំមានការចូលរួមដោយ ជំនាញពីអង្គភាពពាក់ព័ន្ធក្នុងទីស្តីការក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជំនាញពីបណ្តាមន្ទីរពេទ្យជាតិ រួមមានមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យតេជោសន្តិភាព មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងតំណាងអង្គការសុខភាពពិភពលោក សមាជិក ចូលរួមសរុបមានចំនួន៣២រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6