ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការសិក្សាស្វែងយល់លើករណីមរណភាពទារក នៅមន្ទីរពេទ្យកុមារជាតិ ដែលបានបញ្ជូនពីមន្ទីរពេទ្យអឃីតកោះពេជ្រ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីស្វែងរកមូលហេតុ នៃករណីមរណភាពទារកដែលបានកើតឡើង និងធ្វើឱ្យកាន់តែប្រសើរនូវ សេវាសុខភាពមាតា និងទារកជុំវិញកំណើត តាមរយៈការពិភាក្សារួមគ្នាលើរបាយការណ៍ទម្រង់ការយឺតយ៉ាវទាំង៣ (3 Delays)។ អង្គប្រជុំក៏បានរកឃើញនូវចំនុចដែលអនុវត្តបានល្អ និងរកឃើញនូវចំណុចមួយចំនួនទៀតដែលត្រូវធ្វើការកែលម្អ ដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តការងារ សម្រាប់ជួយជីវិតទារក តាមរយៈការរៀបចំធ្វើផែនការឆ្លើយតបបានត្រឹមត្រូវ និងទាន់ពេលវេលា។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបន្តក្រើនរំលឹកពីសារៈសំខាន់ នៃការងារពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ដែលជាការងារគន្លឹះ និងជាអាទិភាពចម្បង របស់ក្រសួងសុខាភិបាល។ លោកជំទាវបានផ្តល់ជូននូវអនុសាសន៍គន្លឹះរួមមាន៖ (១)មូលហេតុចម្បងនៃមរណភាពទារកជុំវិញកំណើតត គឺ ទារកកើតមិនគ្រប់ខែ ទារកកើតខ្សោយ និងការចម្លងរោគពីម្តាយមកកូនកំឡុងពេលសម្រាល (២)តាមរយៈការងារដ៏មានតម្លៃនេះ យើងបានបង្កើតឱ្យមាន Color coding សម្រាប់ការដាក់ចំណាត់ថ្នាក់ស្ត្រីផ្ទៃពោះ ដែលមានហានិភ័យក្នុងពេល ពិនិត្យថែទាំផ្ទៃពោះមុនសម្រាល(ANC) ហើយត្រូវទំនាក់ទំនងជាមួយគាត់ជាប្រចាំ ដើម្បីផ្តល់នូវការថែទាំគ្រប់ជ្រុងជ្រោយដល់ពួកគាត់ (៣)សូមឱ្យមន្ទីរពេទ្យទាំងអស់ (ទាំងសាធារណ: និងឯកជន) អនុវត្តន៍ Color coding នេះ ឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួងសុខាភិបាល
(៤)សូមឱ្យលើកកម្ពស់ទំនាក់ទំនងពេលបញ្ជូនទារក និងគុណភាពក្នុងការបញ្ជូនទារកឱ្យកាន់តែប្រសើរ ដើម្បីកាត់បន្ថយមរណភាពទារក។
កិច្ចប្រជុំនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី ជាគណៈកម្មការពិនិត្យ មរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ គណៈកម្មការMPDSR ថ្នាក់មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យអឃីតកោះពេជ្រសាខាទាំងពីរ សរុបចំនួន ៨៦រូប។