Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ប្រព័ន្ធសុខាភិបាលដែលមានភាពធន់ពិតប្រាកដ គឺជាប្រព័ន្ធដែលអាចការពារប្រជាជន ហើយកត្តាដែលមានសារៈសំខាន់ជាសកលសម្រាប់ភាពជោគជ័យគឺ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំដ៏រឹងមាំ»

ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៦

នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួម និងចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាលើកទី៩ នៃសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមមូលបទ៖ «ការគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត»។
 
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាន ហ៊ី លី​ (Man Hee Lee) ប្រធានវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក​ ស្តីពីសុខភាពសកល, ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូ ព្យូកាលា (Saia Ma’u Piukala) នាយកប្រចាំតំបន់ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកជំទាវ ឡោក​ ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ-អន្តរជាតិ។
 
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគ្នានៅទីនេះ «យើងមានក្តីប្រាថ្នារួមមួយ ដែលពិបាកខ្លាំងក្នុងការសម្រេចឱ្យបាននោះគឺ ការធ្វើយ៉ាងណាឱ្យ​មនុស្សគ្រប់រូប អាចទទួលបានសេវាថែទាំសុខភាពតាមតម្រូវការ ទាន់ពេលវេលា នៅកន្លែងសមស្រប ប្រកប​ដោយ​គុណភាពសមរម្យ ដោយមិនឱ្យអ្នកជំងឺទទួលបន្ទុកធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារនោះទេ។ នេះហើយ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ក្នុងប្រធានបទឈានទៅរកវឌ្ឍនភាព ការគ្របដណ្តប់សុខភាពជាសកល»។
 
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវចំណុចគន្លឹះមួយចំនួនមកជូនអង្គវេទិកា ដើម្បីធ្វើឱ្យបានប្រសើរឡើងសុខភាពប្រជាពលរដ្ឋគ្រប់រូប ស្របតាមវឌ្ឍនភាព​ពិភពលោក មានដូចខាងក្រោម៖

១) ការគ្របដណ្តប់សុខភាពជាសកល៖ មិនមែនត្រឹមតែការផ្តល់ហិរញ្ញប្បទានសុខាភិបាល មន្ទីរពេទ្យ គ្រូពេទ្យ ឱសថ បរិក្ខារ ឬការធានារ៉ាប់រងសុខភាពនោះទេ តែជាកិច្ចសន្យាសង្គម ត្រូវធានានូវតម្លៃនៃជីវិតមនុស្ស គឺមិនអាស្រ័យលើទីកន្លែងកំណើត រស់នៅទីក្រុងឬជនបទ អាយុ ប្រាក់ចំណូល លទ្ធភាពបង់ថ្លៃព្យាបាលឡើយ។ ដើម្បីឈានទៅសម្រេចបានជាបណ្តើរៗនូវគោលដៅការគ្របដណ្តប់សុខភាពជាសកល យើងត្រូវប្រកាន់ភ្ជាប់៖ សមធម៌កាន់តែប្រសើរ, គុណភាពកាន់តែខ្ពស់ និងទំនុកចិត្តកាន់តែរឹងមាំ។
 
វិធានការដែលកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន ក្រោមផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជា សកល មានគោលការណ៍៖ ភាពជាសកលដែលធានាថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោល ការបង្កើនការគាំពារតាមរយៈអភិក្រមពហុវិស័យ កញ្ចប់អត្ថប្រយោជន៍ប្រកបដោយបរិយាបន្ន ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍ ការចំណាយប្រកបដោយប្រសិទ្ធភាព ផ្អែកលើលទ្ធផលសុខភាពដែលរំពឹងទុក ស្របតាមតម្រូវការរបស់ប្រជាជន និងប្រសិទ្ធភាពនៃការចំណាយប្រកបដោយតម្លាភាព។
 
២) ការប្រែប្រួលអាកាសធាតុ៖ ដែលកំពុងកំណត់និយមន័យថ្មីនៃភាពធន់របស់ប្រព័ន្ធសុខាភិបាល។ ប្រព័ន្ធសុខាភិបាលដែលមានភាពធន់ពិតប្រាកដ គឺជាប្រព័ន្ធដែលអាចការពារប្រជាជន នៅពេលស្ថានភាពរៀប​រាប់​ខាងលើកើតមានឡើង តាមរយៈមន្ទីរពេទ្យ មណ្ឌលសុខភាព បន្តដំណើរការបាន បុគ្គលិកសុខាភិបាលត្រៀមខ្លួនជានិច្ច ស្របតាមខ្លឹមសារស្នូលនៃសុខភាពតែមួយគឺ សុខភាពមនុស្ស សុខភាពសត្វ និងសុខភាពបរិស្ថាន ជាការទទួលខុសត្រូវរួមតែមួយ
 
៣) បញ្ញាសិប្បនិម្មិត ៖ ជាឱកាសដ៏ធំ ជាការទទួលខុសត្រូវក៏កាន់តែធំ។ បញ្ញាសិប្បនិម្មិត ផ្តល់លទ្ធភាពធំធេង សម្រាប់វិស័យសុខាភិបាល បានជួយសម្រួលដល់៖ ការវិភាគទិន្នន័យបានលឿន ការជួយធ្វើរោគវិនិច្ឆ័យ ការគាំទ្រអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រើប្រាស់ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព ការតាមដានជំងឺ ការព្យាករណ៍ហានិភ័យនៃការផ្ទុះជំងឺរាតត្បាត និងអាចនាំជំនាញវេជ្ជសាស្ត្រឱ្យទៅកាន់តែជិតប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាល។
 
ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជក់ថាបញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល បានពង្រឹងសមត្ថភាពមនុស្ស តែមិនត្រូវកាត់បន្ថយការទទួលខុសត្រូវរបស់មនុស្សឡើយ ដោយហេតុថា នៅពីក្រោយរាល់ទិន្នន័យ រូបភាពថតឆ្លុះ ការសម្រេចចិត្តព្យាបាល គឺមានមនុស្សម្នាក់ដែលមានក្តីសង្ឃឹម ការភ័យខ្លាច ការឈឺចាប់ ដែលនៅតែត្រូវការមនុស្ស ជាអ្នកសម្រេចចុងក្រោយ ទោះបីជាបច្ចេកវិទ្យាវេជ្ជសាស្រ្តខ្ពស់យ៉ាងណាក៏ដោយ។ នវានុវត្តន៍មិនអាចជំនួសក្តីមេត្តាករុណា បច្ចេកវិទ្យាមិនអាចជំនួសការទទួលខុសត្រូវ និង ប្រសិទ្ធភាពមិនអាចជំនួសសមធម៌ បានទាំងអស់នោះទេ។ ដូច្នេះ បច្ចេកវិទ្យាត្រូវតែស្ថិតនៅក្នុងបម្រើមនុស្សជានិច្ច។
 
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកគូសរំលេចនូវគោលគំនិតសាមញ្ញបីប្រការ គឺ ទី១) ការពារមនុស្សគ្រប់រូប យកសមធម៌ជាលក្ខណៈវិនិច្ឆ័យស្នូលនៃគ្រប់គោលនយោបាយសុខាភិបាលរបស់យើង ទី២) ត្រៀមប្រព័ន្ធសុខាភិបាលគ្រប់ប្រព័ន្ធឱ្យមានភាពធន់ និងរួចរាល់ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការផ្លាស់ប្តូរប្រជាសាស្ត្រ ទី៣) ដាក់នវានុវត្តន៍គ្រប់ប្រភេទឱ្យបម្រើមនុស្ស៖ ប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីនាំសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាជន ពោលគឺធ្វើឱ្យវេជ្ជសាស្ត្រមិនឃ្លាតឆ្ងាយពីភាពជាមនុស្សឡើយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image